ដោយ ខេង ឧត្តម សៀមរាបៈ ស្ពានព្រះរាជដំណាក់២ គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសពិធីបុណ្យព្រឹត្តិការណ៍អង្គរសង្រ្កាន ឆ្នាំ ២០១៧ និងត្រូវបានធ្វើពិធីសម្ពោធ នៅព្រឹកថ្ងៃទី០២ ខែមេសាឆ្នាំ ២០១៧ ដើម្បីសម្រួលចរាចរណ៍ ក្នុងខេត្តសៀមរាប ក្នុងពេលចូលឆ្នាំ ដើម្បីបំរើសេវាកម្មទេសចណ៍ ភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិត គឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបមានផ្ទៃដី១០២៩៩គីឡូម៉ែត្រការេ មានក្រុង១ និងស្រុកចំនួន១១ មានប្រជាពលរដ្ឋ ១០៣៤៦៦៤នាក់ ខេត្តសៀមរាបមានការរីកចំរើន ឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃដោយចំនួន៤ ទី១–កត្តាសន្តិសុខ ទី២-កត្តាច្បាប់ និងក្របខណ្ឌគោលនយោបាយ ទី ៣–កត្តាសម្បត្តិវប្បធម៌ ទី៤–កត្តាអភិវឌ្ឍខេត្ត ពាក់ព័ន្ធទៅនឹងសោភ័ណភាពក្រុង រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវក្នុងក្រុង និងផ្លូវលំជនបទ ត្រូវបានកែលំអរ និងស្ដារឡើងវិញ ដើម្បីបំរើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានសាងសង់ស្ពានថ្មី
ចំនួន ៣កន្លែង ឆ្លងកាត់ស្ទឹងសៀមរាប រួមមាន ស្ពានថ្មវត្តពោធិលង្កា ស្ពានថ្មវត្តព្រះឥន្ទកោសា និងស្ពានថ្មថ្មី ព្រះរាជដំណាក់ ដែលយើងកំពុងប្រារព្ធពីធីបើកឲប្រើប្រាស់នាពេលនេះ ខេត្តសៀមរាប សំបូរបែបនៃសម្បត្តិវប្បធម៌ រមណីយដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ ជាពិសេសប្រាង្គប្រាសាទអង្គរវត្តដែល ជាសម្បត្តិបេតិកភណ្ឌពិភពលោកបានប្រែក្លាយតំបន់សៀមរាបអង្គរ ជាតំបន់ដ៏មានប្រជាប្រីយភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងក្នុងស្រុក ក្នុងតំបន់ និងពិភពលោកមកទស្សនាកំសាន្ត ដែលធ្វើឱ្យភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ ស្ពានថ្មីព្រះរាជដំណាក់ថ្មីនេះ បានសាងសង់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ គ្រោងនិងបញ្ចប់គម្រោងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៧ តែដោយសារព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺចាំបាច់ មានទិដ្ឋភាពទាក់ទាញខុសប្លែកជាងឆ្នាំមុន ៗ ទើបថ្នាក់ដឹកនាំបានសម្រេចអោយជំនាញ សាងសង់ស្ពានព្រះរាជដំណាក់ថ្មីឲ្យរួចរាល់មុនចូលឆ្នាំ ដើម្បីងាយស្រួលការចរាចរណ៍ ដែលមាន ប្រវែង៤៦ម ទទឹង៨.២ម ផ្លូវយានយន្ត ៥.២ និងផ្លូវថ្មើជើង១.៥ ដែលមានទំហំ និងប្រវែងនិងរចនាបទដូចស្ពានព្រះរាជដំណាក់ចាស់ កាសាងសង់នេះ បានអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសណ៍ថា ហេតុដូចម្តេចបានជាយើងកសាងផ្លូវច្រើន កសាងស្ពានច្រើន គឺដោយកុំអោយកកស្ទះចរាចរណ៍ ចុះហេតុដូចម្តេចបានជាមាន ការកាកស្ទះគឺបណ្តាលមកពីភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលវាខុសគ្នានឹងសម័យប្រល័យពូជសាសន៍ គឺមានតែស្ពានមួយក៏បបូរហួហៀរបាត់ទៅហើយ តែដោយសារតែប្រទេសជាតិសន្តិភាព ស្ថេភាពនយោបាយ ក្រោយការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី នឹងសុំឲ្យបងប្អូនចងចាំឲ្យច្បាស់ គឺកត្តាសន្តិភាពនេះឯង ឲ្យយើងរីកចំរើន និងកុំភ្លេចថាអ្នកណា ធ្វើស្ពានឲ្យយើង អ្នកណាធ្វើផ្លូវឲ្យយើង អ្នកណាធ្វើសាលារៀន មន្ទីរពេទ្យ គឺមានតែគណបក្សប្រជាជននេះឯង ដែលធ្វើឲ្យយើងមានសន្តិភាពសេរីភាព មកដល់សព្វថ្ងៃនេះ ។
ដោយ ខេង ឧត្តម





































