កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តនៃកាកបាទក្រហមទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន 56 នាក់ ចុះពិនិត្យព្យាបាលជំងឺដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន៣០០នាក់ ដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៧ នៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានសម្តែងនូវការអគុណ ដល់ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្រីក្រស្ថិតនៅក្នុងស្រុកស្ទោង ដែលខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ ហើយបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃកាកបាទក្រហមទីក្រុងហូជីមីញ មកពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋ និងសូមឲ្យចំណងមិត្តភាពកម្ពុជា វៀតណាម កាន់ល្អប្រសើឡើង ក្នុងការជួយគ្នាអភិវឌ្ឍន៍ប្រទេសទាំងពីរ។
មេបញ្ជាការយោធាទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ការដឹកនាំក្រុមគ្រូពេទ្យ កាកបាទក្រហមទីក្រុងហូជីមីញ មកពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋខ្មែរ ក្នុងខេត្តកំពង់ធំ គឺដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយ និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីឲ្យចំណងមេត្រីភាព ប្រទេសទាំងពីរ ទាំងវិស័យយោធា ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីផលប្រយោជន៍ ប្រទេសទាំងពីរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តន៏តាមកិច្ចសហប្រតិបត្តិការក្នុងការងារសម្ព័ន្ឋមេត្រីភាព និងតាមសំណូមពររបស់ខ្ញុំក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្នើរសុំឲ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃកាកបាទក្រហមទីក្រុងហូជីមីញ សាធារណរដ្ឋសង្គមនិយមវៀតណាម ពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ អតីតយុទ្ឋជនចំនួន100 នាក់ ប្រជាពលរដ្ឋក្រីក្រចំនួន១៨៥ នាក់ និងគ្រួសារយោធិនចំនួន15 នាក់ សារុបចំនួន៣០០ នាក់ដោយពិនិត្យជំងឺដោយឥតគិតថ្លៃ។ 
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា បន្ទាប់ពីបានពិនិត្យសុខភាពតាមលក្ខណបច្ចេកទេសសុខាភិបាលរួច ក្រុមគ្រូពេទ្យបានចែកជូនថ្នាំសម្រាប់ព្យាបាលជម្ងឺតាមប្រភេទរោគសញ្ញានីមួយៗ និងបានផ្តល់ជូនកញ្ចប់ថវិកាសម្រាប់ធ្វើដំណើរក្នុងមួយនាក់ចំនួន២០ $ សហរដ្ឋអាមេរិកថែមទៀតផង. អតីតយុទ្ឋជន គ្រួសារកងទ័ព និង ប្រជាជនពលរដ្ឋ ទាំង300នាក់ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានបង្ករលក្ខណគ្រប់បែបយ៉ាង ក្នុងការដោះស្រាយការលំបាកជូនដល់ពួកគាត់ទាំងអស់គ្នា ។
ដោយ ប៊ុន រដ្ឋា




































