អួង វឹង កំពត:
(កែប)៖ នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៧នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប បានប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ឆ្នាំ២០១៧និងទិសដៅអនុវត្តន៍ត្រីមាសបន្តរបស់ខ្លួន។
ពិធីនេះបានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តកែប ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក
បេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកែប អមដំណើរដោយប្រតិភូជាច្រើនរូប។ក្នុងនោះដែរក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងអភិបាលរងខេត្ត និងអស់លោកដែលជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត រួមនឹងថ្នាក់ដឹកនាំកំលាំងប្រដាប់អាវុធគ្រប់អង្គភាពផងដែរ។
ក្នុងពិធីនេះ ឯកឧត្តម កែន សត្ថា បានលើកឡើងថា បច្ចុប្បន្នក្រុមការងាររបស់រាជរដ្ឋាភិបាលតែងតែចុះយុទ្ធនាការគ្រប់សកម្មភាពដោយបានសហការជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយអ្វីដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បផុតនោះ គឺប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាព និង
សុខមាលភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ។លោកបានបន្ថែមទៀតថា បេសកកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប មានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយរាល់សំណូមពរនិងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ពិសេសទាក់ទិននឹងជីវភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា នៅក្នុងភូមិសាស្ត្រខេត្តកែបទាំមូលនេះគឺមានស្ត្រីម៉េម៉ាយ
ជាង២០០០នាក់ ដោយករណីនេះក៏ជាបញ្ហាប្រឈមមួយដែលធ្វើឲ្យក្រុមការងារនិងអាជ្ញាធរកំពុងរកមធ្យោបាយដោះស្រាយ។ជាងនេះយុទ្ធនាការដ៏សំខាន់របស់ក្រុមការងារគឺសហការទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនតែម្តង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានមានមតិសំណេះសំណាល ដោយលើកឡើងថាក្រុមការងាររបស់រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ត្រូវមានគោលការណ៍សំខាន់២ចំណុចដែលត្រូវអនុវត្តន៍ គឺទី១ ត្រូវជម្រុញការបោះឆ្នោត ដែលប្រព្រឹត្តនៅថ្ថៃទី០៤ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលសល់តែរយៈពេល៦០ថ្ងៃទៀតប៉ុណ្ណោះ និងទី២គឺក្រុមការងារត្រូវមានតួនាទីដោះស្រាយរាល់កក្តាប្រឈមនានាតាមមូលដ្ឋានសំរាប់ឆ្លើយតបជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ អួង វឹង



































