កំពង់ធំៈ ឯកឧត្តម ឧត្តមសេនយ៍ត្រី សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព ខ្វះខាត ព្រមទាំងបានពាំនាំយកនូវ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែលជូនដល់អតីតយុទ្ធជន ។
ពិធីចុះសួរសុខទុក្ខនេះត្រូវបានធ្វើឡើងជាប្រចាំ ដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងទឹកដីខេត្តកំពង់ធំ ដែលជាការយកចិត្តទុកដាក់ របស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន ព្រមទាំងប្រធានសមាគមនស្រុកក្រុង ដើម្បីជាការក្រើនរំលឹកចំណងមេត្រីភាពរវាង ក្រុមការងារសមាគមនអតីតយុទ្ធជន និងអតីតយុទ្ធជន ក្នុងការជួយគ្នាទៅវិញទៅមក និងជាពិសេសជាការផ្តាំផ្ញើក្តីនឹករលឹក និងព្រួយបារម្ភណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 
ក្នុងឳកាសសំណេះសំណាល អតីតយុទ្ធជនដែលជាជនពិការចំនួន៥នាក់ ដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ តាមរយះសមាគមអតីតយុទ្ធជនខេត្ត អតីតយុទ្ធជនមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីម៉ាម៉ាមួយកេស និងថវិកាចំនួន ៥០.០០០៛សម្រាប់ជាការលើកទឹកចិត្តក្នុងការតស៊ូជីវិតនិងរួមគ្នាបន្តដំណើរដណ្តើមយកជ័យជំនះនាពេលខាងមុខនេះ។ 
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាស៍ថា ទោះជារវល់មមាញឹកយ៉ាងណានោះ ក៏ឆ្លៀតពេលចុះសួរ សុខទុក្ខអតីតយុទ្ធជនដែលជាជនពិការ និងគ្រួសារអតីតយុទ្ធជនឯទៀត ដើម្បីត្រួតពិនិត្យជីវភាពរស់នៅរបស់អតីតយុទ្ធជន ឲ្យដឹងពីជីវភាពរស់នៅទុក្ខលំបាកខ្វះខាតយ៉ាងណានោះ ដើម្បីជួយគ្នាមិនទុកអោយឯកការដោយ មិនបានមើលថែរនោះទេ ជាពិសេសអតីតយុទ្ធជន ៥នាក់នេះ ដែលរស់នៅក្នុងស្រុកសន្ទុកគឺសុទ្ធតែជនពិការ គឺមានជីវភាពខ្វះខាតតែក្នុងនោះក្រុមការងារសមាគមកំពុងតែយកចិត្តទុកដាក់ដើម្បីជួយពួកគាត់។
ដោយ ប៊ុន រដ្ឋា




































