ឪពុកម្តាយរវល់ធ្វើបុណ្យចម្រើនជនជីតា កូនប្រុសអាយុ៤ខួបដើរឆ្លងថ្នល់ឡានបុកស្លាប់

0

សៀមរាបៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង និងបានធ្វើឲ្យក្មេងប្រុសម្នាក់បាក់ជើងបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងហេតុ  ដោយសារតែមានរថយន្តមិនស្គាលម៉ាក បានបើកបុកក្មេងប្រុស បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើ កំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិ កកោះ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

តាមការឲ្យដឹងពីសមត្ថកិច្ច ប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំគោកធ្លោកក្រោម បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ គឺក្មេងប្រុសអាយុ ៤ឆ្នាំ បានឆ្លងថ្នល់ម្នាក់ឯង ក៏ត្រូវ​បានរថយន្តមិនស្គាលម៉ាក បើកមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ នៅចំកណ្តាលផ្លូវ ហើយក៏បានបើករត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល  តែទោះជាយ៉ាងណានោះ សមត្ថកិច្ចបានធ្វើការទំនាក់ទំនង ទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល គ្រប់ទីកន្លែង ដើម្បីឃ្លាំមើលរថយន្តបង្ករ ហេតុនាំយកមកទទួលទោសតាមផ្លូវច្បាប់ ខណៈពេលបើកបរបង្ករឲ្យមានមនុស្សស្លាប់។

តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ក្មេងប្រុសដែលបានស្លាប់មានឈ្មោះ ឆាន គឹមហានអាយុ​៤​​ឆ្នាំ ឪពុកឈ្មោះ ឆាំ ឆាន ម្តាយឈ្មោះ ម៉ាប់ មុំ រស់នៅភូមិឃុំកើតហេតុខាងលើ  ខណៈពេលដែលឪពុកម្តាយ កំពុងតែធ្វើបុណ្យចម្រើនជនជីតា ដោយមិនបានចាប់អារម្មណ៍មើលកូន  ស្រាប់តែកូនតូចរងគ្រោះបានកាន់លុយ១០០០រៀល រត់ឆ្លងថ្នល់មកទិញទឹកកកឈូស ក៏ត្រូវបានរថយន្តបុកស្លាប់តែម្តង ក្មេងរងគ្រោះត្រូវបានសាច់ញាតិទទួលយកពីធ្វើបុណ្យតំណាលគ្នានឹងបុណ្យចម្រើនជនរបស់ជីតា។

ដោយ  ប៊ុន  រដ្ឋា