កំពង់ធំៈ ខ្នងផ្ទះលើកទី៣៥ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន តាមរយះសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជន បានផ្តល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពទីទាល់ក្រ មានផ្ទះសំបែងមិនសមរម្យ។
ពិធីនេះប្រគល់ផ្ទះជូន គ្រួសារអតីយុទ្ឋជនពលី នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ ដែលមានទំហុំ ៤ ម៉ែត្រគុណ ៦ ម៉ែត្រ ជូនបងស្រីឈ្មោះ យក់ ហ៊ាន អាយុ៥១ឆ្នាំ មានកូន២នាក់រស់នៅក្នុងបន្ទុក ដែលត្រូវបានចំណាយថវិការសាងសង់អស់ទឹកប្រាក់ ៥.៥៤០.០០០ រៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុទ្ឋជនពលី រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
នៅក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ក៏បានផ្តល់នូវអំណោយលើកទឹកលើចិត្តបន្ថែម ដើម្បីជាការអបអរឡើងផ្ទះថ្មី ពីក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពងធំ នូវ អង្ករចំនួន ២៥ គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ និងថវិកាចំនួន ១២០ ០០០រៀល ។
បងស្រី យក់ ហ៊ាន មានក្តីរំភើបចិត្តអួលណែនដើមករស្ទើរនិយាយមិនចេញ ដោយមិននឹកស្មានថា មានផ្ទះថ្មីសម្រាប់រស់នៅដូចថ្ងៃនេះនោះទេ ហើយក៏មិនដែលនឹកស្រម័យថាមានថ្ងៃនេះផងដែរ បងស្រីបានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន និង ឯកឧត្តម នាយឧត្តសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងសមាគមអតីយុទ្ឋជនកម្ពុជា ខេត្ត ស្រុក ដែលបានគិតគូរដល់សុខទុក្ខរបស់គាត់ និងសុំប្តេជ្ញាគាំទ្រសម្តេច ហ៊ុន សែន លុះអវសានជីវិត ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្នុង នាមខ្ញុំជាប្រធានសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ សូមថ្លែងអំណរគុណចំពោះសហការី និងអាជ្ញាធរ ភូមិ ឃុំ ដែលបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ក្នុងការងារអតីតយុទ្ធជន រហូតឈានដល់ការសាងសង់ ផ្ទះបានសម្រេច ហើយបានប្រគល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី ដោយឡែកផ្ទះនេះជា ខ្នងផ្ទះលើកទី៣៥ ហើយ ដែលត្រូវបានសាងសង់ជូនអតីតយុទ្ធជន តាមរយះសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា



































