កំពង់ធំៈ ប្រជាពលរដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជា មានក្តីរំភើបរីករាយយ៉ាងខ្លាំង ខណៈពេលដែលពួកគាត់ បានទទួលកិច្ចស្វាគមន៍ រាក់ទាក់ បង្កើនភាពជិតស្និទ្ធ ពីក្រុមការងារបក្ស ចុះជួយឃុំបន្ទាយស្ទោង ដោយបានចុះសំណេះ សំណាលជាមួយសមាជិកបក្ស ឲ្យធ្វើឲ្យសមាជិកបក្សទាំងអស់រឹតតែមានកំលាំងចិត្ត និងជឿទុកចិត្តលើថ្នាក់ដឹងនាំ ។
ជាក់ស្តែង ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ បក្សចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសំណេះសំណាល ជាមួយសមាជិក សមាជិកា នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៧ ចំនួន២ភូមិ គឺភូមិ រលួសនិងភូមិបវែង ចំនួន៦គ្រួសារ បងស្រី សន វត អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយយមានជម្ងឺប្រចាំកាយ មានកូន៦នាក់រស់នៅក្នុងបន្ទុក មានការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃស្ថិតនៅក្នុងឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានភាពជឿកជាក់មកលើថ្នាក់ដឹកនាំ គឺយើងត្រូវ ដឹងពីទុក្ខលំបាក ដឹងពីសុខទុក្ខ ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់បំផុតមិនត្រូវ ទុកឲ្យបងប្អូនណាជួបនឹងការលំបាក ដោយមិនបានដឹងពីអាជ្ញាធរនោះឡើយ ដូច្នេះក្រោយពីបញ្ចប់ការងារស្នូលរបស់ អង្គភាព គឺបានឆ្លៀតឳកាសចុះសំណេះសំណាលសាកសួរសុខទុក្ខ ដល់លោកយាយលោកតា ដែលរស់នៅតាមមូលដ្ឋាន ។
បងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនេះ បានប្ដេជ្ញាស្មោះត្រង់គាំទ្រជាមួយនឹង គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្ការអស់មួយជីវិត ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានជួយសង្គ្រោះអាយុជីវិតពួកគាត់ អោយរួចផុតពីសេចក្តីស្លាប់ នៃបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត និងបានដឹកនាំប្រទេសជាតិអោយមានភាពរីកចម្រើន មានសន្តិភាពនិងមានការអភិវឌ្ឍន៍។
គ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជាទាំង៦គ្រួសារនេះ ២គ្រួសារស្ថិតនៅភូមិបវែងនិង៣គ្រួសារទៀតស្ថិតនៅភូមិរលួស។ ក្រុមការងារបានផ្ដល់អំណោយជូនគាត់ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាមមីយើង១កេសនិងថវិកា៦០.០០០រៀល។
ដោយ ប៊ុន រដ្ឋា



































