VIDEO ពិធីបញ្ចុះបឋមសីលាសាងសង់អគារទទួលភ្ញៀវ៧បន្ទប់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ ដោយការខិតខំប្រឹងប្រែង របស់មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារយកចិត្ត​ទុក​ដាក់ របស់សមាគមអតីតយុទ្ធជនខេត្ត  ក៏បានគិតគូរសំខាន់បំផុតពីការងារសាងសង់បន្ទាយ ពីមួយថ្ងៃទៅមួយថ្ងៃ បាន ធ្វើឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានការរីកចំរើន យ៉ាងឆាប់រហ័ស បានធ្វើឲ្យមានការកោត សរសើរពីសំណាក់មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ។

ជាក់ស្តែងថ្ងៃនេះផងដែរ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធី​ពិធីបញ្ចុះបឋមសីលា​សាងសង់​អគារ​សម្រាប់ទទួល​ភ្ញៀវមួយខ្នង ៧បន្ទប់ ក្រោមការជំនួយឧបត្ថម្ភ របស់​គណបញ្ជាការ​យោធា​ទីក្រុង​ហូជីមិញ​ នៃសាធា​រណរដ្ឋសង្គមនិយមវៀតណាម​  ដែលកំពុងតែត្រូវបានសាងសង់នៅ​ក្នុង​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ដែលមានទំហំ ៥,៥០ ម៉ែត្រ​x ២៨,២០​ ម៉ែត្រ ធ្វើពីបេតុងប្រក់ក្បឿងថៃ​ ដែលគ្រោង​ចំណាយថវិកា​ក្នុងការ​សាងសង់អស់ទឹកប្រាក់ ៤២.៥០០$   និងចាប់ផ្តើមសាងសង់នៅព្រឹកថ្ងៃទី០៣ខែឧសភា​ ឆ្នាំ​ ២០១៧​ ស្ថិតនៅភូមិ​ថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ បានមានប្រសាសន៍ថា ការសាងសង់ អាគារទទួលភ្ញៀវ៧បន្ទប់នេះ គឺជាជំនួយរបស់គណបញ្ជាការ​យោធា​ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម ដែលបានចង់សម្ព័ន្ឋមេត្រីភាព ជាមួយនឹងតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ គឺសម្រាប់ទទួលគណៈប្រតិភូភ្ញៀវជាតិ និងអន្តរជាតិ  និងដែលបានអញ្ជើញមកបំពេញប៉េសកម្មនៅក្នុងទឹកដីខេត្តកំពង់ធំ គឺអាចស្នាក់នៅដើម្បីបំពេញភារកិច្ច ដែលជាការកាត់បន្ថយការចំណាយថវិកា ក្នុងការជួលផ្ទះសំណាក់ ម្យ៉ាងទៀតដើម្បីសុវត្តិភាពប្រតិភូជាតិ និងអន្តរជាតិផងដែរ ។

ក្នុងឳកាសនោះដែរ ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ក្នុងនាមជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺត្រូវ គិតគូរពីជីវភាពកងទ័ព ការហ្វឹកហាត់ រៀនសូត្រដើម្បីឲ្យសុខភាពរ៉ឹងមាំ ពោពេញទៅដោយគុណភាព ត្រៀមខ្លួនជា ស្រេចដើម្បីទទួលបទបញ្ជាពីថ្នាក់លើ  ទទឹមគ្នានិងការហ្វឹកហាត់ ក៏ត្រូវគិតគូរពីការសាងសង់បន្ទាយឲ្យក្លាយជាកន្លែង ធ្វើការដ៏សមរម្យ ដើម្បីជាគំរូនាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការដឹកនាំពេលអនាគត់។

ដោយ  ប៊ុន  រដ្ឋា