កំពង់ធំៈ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្តោតសារៈសំខាន់ និងលើកកម្ពស់អតីតយុទ្ធជន ជាវរៈជនអង់អាចក្លាហាន មានស្នាដៃមានគុណបំណាច់លើប្រទេសជាតិ បើគ្មានអតីតយុទ្ធជន គឺគ្មានថ្ងៃនេះ ទើបបានរៀបចំឲ្យមាន ខួបអបអរសាទរទិវាអតីតយុទ្ធជន កម្ពុជា ត្រូវនឹង (២១មិថុនាឆ្នាំ២០០៧ថ្ងៃទី២១មិថុនាឆ្នាំ២០១៧)ជារៀងរាល់ឆ្នាំ។
ពិធីរំលឹក អបអរសាទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា នាខេត្តកំពង់ធំ ត្រូវបានប្រារព្វពិធីនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៧ ដោយមានអតីតយុទ្ធជនចំនួន១០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្ដា ស្រុក ក្រុងទាំង ៨ ដើម្បីចូលរួមក្នុងកម្មវិធី សំណេះសំណាលផ្តាំផ្ញើរ ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមន្រ្តីរាជការមន្ទីរអង្គភាពពាក់ព័ន្ឋស្រុក ក្រុងជាច្រើននាក់។
ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន បានមានប្រសាសន៍ថា ទិវាអតីតយុទ្ធជន គឺជាការរំលឹកនូវវីរភាព គុណូបការៈ របស់បងប្អូនអតីតយុទ្ធជន ដែលបានបំរើកងទ័ព ដើម្បីរំដោះជាតិ ដែលកំពុងមានសង្រ្គាម ឲ្យរួចផុតពី របបបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ក្នុងនោះអតីតយុទ្ធជនបានចូលរួមចំណែក ស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយពេលសង្រ្គាមបានចប់ បានធ្វើឲ្យកងទ័រងរបួស និងបាត់បង់អាយុជីវិត ក្លាយជាជនពិការរាប់សែននាក់ ទើប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តួចផ្តើមបង្កើតឲ្យមាន ទិវាអតីតយុទ្ធជនជាការដឹងគុណបំណាច់អតីតយុទ្ធជន ដោយឡែកនៅក្នុងខេត្តកំពង់ធំ អតីតយុទ្ធជនសរុបចំនួន ៣៥២០នាក់ អតីតយុទ្ធជនជាសមាជិក សមាគម ៣០៧៦នាក់ អតីតយុទ្ធជនមានដីគ្មានផ្ទះ ១០២គ្រួសារ អតីតយុទ្ធជនគ្មានដីគ្មានផ្ទះ ១៦៣គ្រួសារ អតីតយុទ្ធជនរស់នៅលើដីសាធារណៈ ២គ្រួសារ អតីតយុទ្ធជនមានដីមានផ្ទះមិនសមរម្យ ២៥គ្រួសារ ចុះសួរសុខទុក្ខបាន២០៤លើក បានជួយឧបត្ថម្ភ ១៨,៤០០ដុល្លា អង្ក ៦,៧៣៤គ.ក មីយើង២៦៣កេស ត្រីខកំប៉ុង ៤៤៩យួរ ក្នុងនោះបានសាងសង់ផ្ទះ ជូន៣៤ខ្នងផ្ទះ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បន្ទាប់ពីបានអានសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឳកាសខួបលើកទី១០ទិវាអតីតយុទ្ធជនកម្ពុជា រួមមកក៏បានផ្តាំផ្ញើរដល់ ប្រធាន អនុប្រធានសមាគមន៍អតីតយុទ្ធជន ស្រុកក្រុងថា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើគ្រួសារអតីតយុទ្ធជន ដឹងពីសុខទុក្ខ លំបាកខ្វះខាត ការឈឺស្កាត់ ការស្លាប់ ការធ្វើបុណ្យទាន និងមើលថែរពីសុវត្តិភាព និងត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា តាមលទ្ធភាព ចំពោះគ្រួសារក្រីក្រ ខ្វះខាតពិតប្រាកដ គឺត្រូវធ្វើរបាយ ការណ៍ស្នើរសុំដើម្បីដោះស្រាយជូនពួកគាត់ អតីតយុទ្ធជននេះហើយ ដែលធ្វើឲ្យប្រទេសមានសន្តិភាព មានការអភិឌ្ឍន៍គ្រប់វិស័យទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងគ្រប់វិស័យ ដូច្នេះបើមានសន្តិភាពហើយយើងត្រូវរក្សាសន្តិភាព នៅក្នុងឳកាសចុងក្រោយនៃពិធី បានផ្ដល់ជូននូវថវិកាជូនអតីតយុទ្ធជនក្នុងម្នាក់ៗចំនួន៥០.០០០៛ ។
ដោយ ប៊ុន រដ្ឋា





































