កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជន និងគ្រួសារយោធិន ស្រុកក្រុងទាំង៨ សរុប២៥០នាក់ បានទទួលការពិនិត្យជំងឺ និងព្យាបាលជម្ងឺដោយឥតថ្លៃ ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកាកបាទក្រហមខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
តាមការសាកសួរ ពីសុខភាពនិងប្រភេទជម្ងឺ របស់ក្រុមគ្រួសារយោធិន បានឲ្យកត់សម្គាល់ថា អ្នកដែលបានអញ្ជើញមកទទួលសេវាកម្មពិនិត្យជម្ងឺនេះ ភាគច្រើនគឺជំងឺ ក្រពះពោះវៀន ទឹកនោមផ្អែម ឈឺសន្លាក់ដៃជើង ជំងឺសើរស្បែក ជំងឺលើសឈាម ជម្ងឺឈឺក្បាលវិលមុខ ជម្ងឺទាំងនេះបានធ្វើឲ្យសុខភាពរបស់គាត់ ទ្រុឌទ្រម ទើបបានមកពិនិត្យព្យាបាល ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ពិធីសំណេះសំណាលជាមួយក្រុមគ្រួសារ អតីតយុទ្ធជន និងគ្រួសារយោធិន ដើម្បីទទួលការណែនាំក្នុងការពិនិត្យព្យបាលជំងឺ ដើម្បីឲ្យបានឲ្យដឹងពីប្រភេទជំងឺ បានធ្វើឡើងនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទទួលពិនិត្យ និងព្យាបាលជម្ងឺ ចំនួន២៥០នាក់ ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ង្វៀន គឿង អនុប្រធាននយោបាយ ខេត្តប៊ិញភឿក បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកាកបាទក្រហមខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារយោធិន ដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពព្យាបាលជម្ងឺ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការពិនិត្យព្យាបាលជំម្ងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលជួបការលំបាក និងមានជម្ងឺ ក្រោមការឧបត្ថម្ភរបស់បញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម នេះមិនមែនជាលើកទី១ ទេគឺកន្លងមកនេះបានសហការជាមួយ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ព្យាបាលជំងឺជូនប្រជាជនមានជំងឺ ៦០០នាក់ គឺស្រុកស្ទោង៣០០នាក់ និងនៅបញ្ជាការដ្ឋានតំបន់សឹក ៣០០នាក់ ហើយក៏មានខេត្តដុងណាយ ជាខេត្តសម្ព័ន្ឋមេត្រីភាពសហប្រតិបត្តិការ បានជួយព្យបាលជំងឺជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក ៣០០នាក់ ហើយក្នុងថ្ងៃនេះ គឺបានអនុវត្តតាមការសំនូមពររបស់ខ្ញុំ សុំឲ្យជួយពិនិត្យជំងឺជូនគ្រួសារយោធិន ២៥០នាក់ ដើម្បីឲ្យគ្រួសារកងទ័ព និងប្រជាពលរដ្ឋមានសុខភាពល្អ កន្លងមកនេះក្រោយពេលព្យាបាល គឺទទួលបានការឧបត្ថម្ភពីក្រុមគ្រួពេទ្យកាកបាទក្រហម ប្រទេសវៀតណាម បានជួយម្នាក់២០ដុល្លា សម្រាប់ថ្លៃធ្វើដំណើរ តែក្នុងពេលនេះខេត្តប៊ិញភឿក បានឧបត្ថម្ភ ឃិត មួយកញ្ចប់ ដែលជាគ្រឿងឧបភោគបរិភោគ សម្រាប់បំរើឲ្យផ្ទះបាយ ផងដែរ។
ដោយ ប៊ុន រដ្ឋា





































