កំពង់ធំៈ ប្រជាការពារជាសេនាធិការឲ្យសមត្ថកិច្ច ក្នុងកិច្ចសហការ ការពារសុវត្តិភាពនៅក្នុងមូលដ្ឋាន ដើម្បី សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងមានតួនាទីសំខាន់ក្នុងការឃ្លាំមើល រាយការណ៍ និងទប់ស្កាត់ការក៏កើត ឡើងនូវបទល្មើសផ្សេងៗ តែប្រជាការពារ មិនមានសិទ្ធិក្នុងការប្រើប្រាស់អាវុធ ប្រើខ្នោះ ឬចាប់ចង់បុគ្គលណានោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំប្រធាន អនុប្រធានក្រុមការងារ ចុះសំណេះសំណាលជាមួយនឹងប្រជាការពារ ដើម្បីផ្សព្វផ្សាយពីតួរនាទីនិងភារកិច្ច ជូនប្រជាការពារទាំង១៥ភូមិ សរុបចំនួន៤៥ នាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កោតសរសើរ ចំពោះប្រជាការពារភូមិទាំង១៥ភូមិ ដែលបានយកចិត្តទុកដាក់បន្ថែម អនុវត្តនូវតួនាទីភារកិច្ច ដោយហាមដាច់ខាតការប្រើប្រាស់តួនាទី ទៅសំឡុតគំរាមគំហែង ប្រព្រឹត្តបទល្មើស ធ្វើបាបប្រជាពលរដ្ឋ និងប្រើប្រាស់ អាវុធ ខ្នោះ ការប្រើប្រាស់ស្លាកសញ្ញា នគរបាល ឬយោធា ដែលបង្ករឲ្យមានការភាន់ច្រឡំ ពីប្រពលរដ្ឋ និងត្រូវគោរពស្រឡាញ់ប្រជាពលរដ្ឋឲ្យស្មើរគ្នា ការពារសុវត្តិភាពក្នុងភូមិ នៃឳកាសនោះដែរ ក៏បានសំណូមពរ ឲ្យគោរព និងអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រដ្ឋាភិបាល ប្រជាការពារទាំងអស់ត្រូវចិត្តទុកដាក់បន្ថែមទៀតក្នុងការសហការជាមួយសមត្ថកិច្ចដើម្បីភូមិ ឃុំ មានសុវត្ថិភាពក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខ ចុងក្រោយ ក្រុមការងារយើងបានឧបត្ថម្ភនូវថវិកាចំនួន១០.០០០៛ ក្នុងមួយនាក់ សម្រាប់ជាសោហ៊ុយធ្វើដំណើរផងដែរ ។
ដោយ ប៊ុន រដ្ឋា




































