កំពង់ធំៈ ដោយសារតែសន្តិភាព និងស្ថេរភាពនយោបាយ បានធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើន គ្រប់វិស័យ ទាំងផ្លូវថ្នល់ សាលារៀននិងមន្ទីរពេទ្យ វត្តអារាម ជាពិសេសវិស័យព្រះពុទ្ធសាសនា និងបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ អាចធ្វើបុណ្យផ្សេងៗ អាចរៀបអាពាហ៍ពិពាហ៍កូនចៅ បានគ្រប់ពេលវេលា រួមទាំងការធ្វើដំណើរ ដែលវាខុសពីសម័យបនក្បត់ប៉ុលពត វាបានបំផ្លាញនិងលុបបំបាត់ ព្រះពុទ្ធសាសនា វត្តអារាមបានក្លាយទៅជាទីកន្លែងចិញ្ចឹមសត្វ និងជង្រុកស្រូវ ព្រះសង្ឃត្រូវសឹក តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រនិងជម្រុញឲ្យថែរក្សាទំនាមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរឡើងវិញ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានបញ្ជាក់ថា នៅក្នុងស្រុកស្ទោង មាន ៤៧វត្ត មានព្រះសង្ឃ៦០៣អង្គ ភិក្ខុ១៤៦អង្គសាមណេរ ៤៥៧អង្គ លោកអាចារ្យ១៩៧នាក់ គណកម្មការវត្ត៤៨២នាក់ សាលាពុទ្ធិកបឋមសិក្សា២០សាលា ដោយឡែកនៅក្នុងឃុំបន្ទាយស្ទោងមាន៥វត្ត វត្តបន្ទាយស្ទោងគឺជាវត្តចំណាស់មួយ កសាងក្នុងឆ្នាំ១៧៣៧ ក្នុងរបបប៉ុលពត បានរុះរើ បាក់បែកខ្ទេចខ្ទី អស់ទាំងស្រុង ចំណែកព្រះវិហារបានក្លាយជាទីតាំងទុកឧបករណ៍កសិកម្ម និងបង្ខំឲ្យព្រះសង្ឃចាកសិក្ខាបទ ដើម្បីទៅធ្វើស្រែតាមកងចល័ត លុះក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ត្រូវបានស្តានិងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សមកវិញ រីឯការកសាងឧបដ្ឋានសាលានេះ បានកសាងនៅឆ្នាំ ២០១៣ រួចរាល់ឆ្នាំ២០១៦ មានទំហំ១២ម គុណ ២៧ម ចំណាយថវិកា១៩៩,៤៩៨,០០០រៀល។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រសាសន៍ថា សូមឲ្យជួយគ្នាថែរក្សាព្រះពុទ្ធសាសនា ជាពិសេសក្មួយៗ ដែលកំពុងសិក្សា ត្រូវស្វែងយល់ពីពិធីបុណ្យរបស់ជាតិនីមួយៗ ជាពិសេសថ្ងៃបុណ្យពិសាកបូជា គឺជាបុណ្យធំ ដែលអន្តរជាតិទទួលស្គាល់ ពិសេសលោកតាលោកយាយ គាំទ្រជម្រុញឲ្យយុវវ័យចូលវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ចេះធ្វើ បុណ្យទាន គោរពតាមប្រពៃណីខ្មែរយើង កុំចូលវត្តឲ្យលោកសឹក សូមទុកលោកធ្វើបុណ្យ ធ្វើយ៉ាងម៉េចជួយគ្នាអប់រំកូនចៅ ដើម្បីឲ្យព្រះពុទ្ធសាសនាមានភាពរីកចំរើន បើប្រទេសគ្មានសិល្ប៍ គឺមានតែភាពក្តៅក្រហាយ កាប់សំលាប់គ្នា ដូចបានឃើញ ច្បាស់ហើយសម័យខ្មែរក្រហម ។
ក្នុងឳកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រគេនថវិកា ៤លានរៀលជូនព្រះចៅអធិការវត្តបន្ទាយស្ទោង ដើម្បីទុកកសាងវត្ត និងជូនលោកតា លោកយាយ១០០នាក ក្នុងម្នាក់ទទួលបាន សំពតសរ មួយដុំ ថវិការ៥០០០រៀល រួមទាំងសិស្សាប៉ិច១ សៀវភៅមួយក្បាល។
ដោយ ប៊ុន រដ្ឋា




































