កំពង់ធំៈ នេះជាខ្នងផ្ទះលើកទី ៣៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនដល់អតីតយុទ្ធជន ដែលជាជនពិការ ជួបនិងភាពខ្វះខាត និងមានលំនៅដ្ឋានមិនសមរម្យ ទើបបានទទួលផ្ទះមួយខ្នង ដើម្បីឲ្យជីវភាពល្អប្រសើរនឹងគេ ។
ផ្ទះមួយខ្នងត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន រស់នៅក្នុងខេត្តកំពង់ធំ ដែលកន្លងមកនេះគ្រួសារនេះ រស់នៅ ក្រោមជម្រកដំបូលធ្លុះ ធ្លាយ ជួបនឹងការលំបាកវេទនា រស់នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបាន សាងសង់ប្រគល់ជូនអតីតយុទ្ធជន តាមរយះឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ថ្លែងអំណរ គុណដល់សមាគមស្រុក ក្រុង ដែលបានជួយការងារសមាគមអតីតយុទ្ធជន យ៉ាងសកម្ម ក្នុងការជួយថែរក្សាសុវត្តិភាព និងសុខទុក្ខរបស់អតីតយុទ្ធជន រួមទាំងការសាងសង់លំនៅដ្ឋានជូនគ្រួសារអតីតយុទ្ធជន ដែលទទួលបានជោគជ័យ កន្លងមក ជាក់ស្តែងថ្ងៃនេះបានដឹកនាំសហការី បន្តចុះទៅប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះទី៣៦ មានទំហុំ៤ម៉ែត្រx៦ម៉ែត្រ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ ៥.៦៦០.០០០ រៀល ជូនអតីតជនជាជនពិការឈ្មោះ ហ៊ុ ហន អាយុ៤២ឆ្នាំ ភរិយានិងមានកូន៤ នាក់នៅក្នុងបន្ទុក ។
ក្នុងពិធីប្រគល់ផ្ទះនេះដែរ ក្រុមការងារបានផ្ដល់ជូនគាត់នូវ អង្ករចំនួន២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន១៥០.០០០៛ បន្ថែមទៀតផងដែរ ក្នុងឳកាសនោះដែរ ក្រុមគ្រួសារលោក ហ៊ុ ហន និងប្រជាពលរដ្ឋដែលរស់នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអបអរសាទរនិងគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ គ្រប់ទិសទី ទីណាមានទុក្ខ ទីនោះមានការជួយពីសម្តេច និងសូមគាំទ្រការដឹកនាំរបស់សម្តេចបន្តទៀត ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ។



































