ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតនាសម័យសង្រ្គាមក្នុងខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍

0

កំពង់ធំៈ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១០ ត្រូវបានប្ររព្វពិធីនិមន្តព្រះសង្ឃ សូត្រមន្តប្រស់ព្រំ​ បញ្ជូនដួងព្រលឹងទៅស្រុកកំណើត ដើម្បីប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាម​ប្រពៃណី  ក្នុងឳកាសអង្គមីទ្ទីងប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានពលីជីវិតនាសម័យសង្រ្គាមក្នុងខេត្តកំពង់ធំ បានធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៧។

កងកម្លាំងនិងមន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តបានអញ្ជើញចូលរួម ក្នុងពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចាត់ធ្វើឡើង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយវត្តមានឯកឧត្តម ហ៊ួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស សុំ មេបញ្ជាការងយោធភូមិភាគទី៤ និងអង្គភាពកម្លាំងក្រុមK72  ខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ប្រធានគណកម្មការជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ិញភឿក បានថ្លែងអំរគុណដល់មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋ ដែលបានជួយសម្រួលការងារជីករុករកអដិ្ឋធាតុ និងកិច្ចសហការនានា ធ្វើឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាក់ស្តែងអដ្ឋិធាតុជីកគាស់បាន ក្នុងដំណាក់កាលទី១៦ ឆ្នាំ ២០១៦ និង២០១៧  មាន​ចំនួន១៧អដិ្ឋធាតុ ក្នុងទឹកដីខេត្តកំពង់ធំ  ជីកយកបាននៅក្រុងស្ទឹងសែន ចំនួន៨អដិ្ឋធាតុ អដិ្ឋធាតុដែលជីកបានទាំង១៦ដំណាក់កាល ចាប់តាំងពីឆ្នាំ ២០០៣មកទល់និងឆ្នាំ ២០១៧ ជីកបាននៅក្នុងខេត្តកំពង់ធំ មានចំនួន១០៣៦អដិ្ឋធាតុ។

ឯកឧត្តម ហ៊ូន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងK72 ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុង ខេត្តកំពង់ធំ រហូតទទួលបានលទ្ធផលល្អ និងត្រូវបានប្រារព្វពិធីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ ជារៀងរាល់ឆ្នាំ និងសូមគោរពដឹងគុណដឹងជានិច្ច ចំពោះបក្សនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ជួយដល់កម្ពុជា នៅរាល់កម្ពុជាជួបការលំបាក និងគ្រោះអាសន្ន  និងសូមប្តេជ្ញាចិត្តបង្កើនចំណងសាមគ្គីភាព មិត្តភាព ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទំនាក់ទំនងមិត្តភាពកាន់តែរ៉ឹងមាំ និងជម្រុញឲ្យប្រជាពលរដ្ឋសហការជាមួយកម្លាំង K72 ដើម្បីស្វែងរកអដ្ឋិធាតុបន្តទៀត។

ដោយ  ប៊ុន រដ្ឋា