កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន បានមានប្រសាសន៍ថា យើងគ្រប់គ្នា ត្រូវតែដឹងគុណ និងចំពោះវរៈជនដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន បើគ្មានអតីតយុទ្ធជន ក៏គ្មានថ្ងៃនេះ យើងមានសន្តិភាពមកដល់ថ្ងៃនេះ ក៏ដោយសារតែអតីតយុទ្ធជន អតីតយុទ្ធជនជារៀមច្បង ជាគ្រូ ជាគំរូដល់ នាយទាហាន និងពលទាហាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងយុទ្ធសាស្រ្តកិច្ចការពារបូរភាពទឹកដី។
អតីតយុទ្ធជន គឺត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូពីសុខទុក្ខ និងជីវភាពរស់ នៅរបស់អតីតយុទ្ធជន ជាក់ស្តែងនៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះលើកទី ៣៧ ជូនដល់លោក ទឹម ធាម ជាយុទ្ធជនពិកាភ្នែក មាន អាយុ៥០ឆ្នាំ របស់នៅភូមិវ័ល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយះប្រធានសមាគម អតីតយុទ្ធជនខេត្តកំពង់ធំ។
ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយយល់ឃើញ នូវទុក្ខលំបាក និងមានជីវភាព ខ្វះខាត គ្មានផ្ទះសំបែងស្មាក់នៅសមរម្យ ហើយថែមទាំងពិការភ្នែក ក៏បាន រាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដើម្បីសុំផ្ទះ ទើបបានប្រគល់ជូនថ្ងៃនេះ មានទំហំ៤x៦ម៉ែត្រ ចំណាយថវិកាក្នុងការសាងសង់អស់ ៥.៦៦០.០០០៛ ជូន លោក ទឹម ធាម អតីតយោធាស្រុកប្រាសាទសំបូរណ៏ មានភរិយានិងកូន៣នាក់ក្នុងបន្ទុក គាត់គ្មានផ្ទះសម្បែង រាល់ថ្ងៃគាត់សុំស្នាក់ការបណ្ដុះកូនឈើរបស់រដ្ឋបាលព្រៃឈើនៅវល្លិយាវ។
លោក ទឹម ធាម និងក្រុមគ្រួសារមានសេចក្ដីរំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ មិននឹកស្មានថាមានផ្ទះរស់នៅជាកម្មសិទ្ឋរបស់ខ្លួនដូចថ្ងៃនេះឡើយ និងសូមគាំទ្រសម្ដេចតេជោ ហ៊ុន សែន ឲ្យទទួលបានជ័យជំនះ ក្នុងពេលបោះឆ្នោតខាងមុខនេះ ក្នុងឱកាសនេះក្រុមការងារបានផ្ដល់ជូនគាត់បន្ថែមទៀតនូវ អង្ករ២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន១០០.០០០៛ ។
ដោយ ប៊ុន រដ្ឋា



































