កំពង់ធំៈ លោក សោម វណ្ណី សកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំងសមាជិក៦នាក់ បានសម្រេចចិត្តចាក់ចេញពី បក្សរបស់ខ្លួន ហើយមកសុំរួមរស់នៅជាមួយ គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នារក្សាសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីទទួលស្វាគមន៍ លោក សោម វណ្ណី អតីតសកម្មជនគណបក្សសង្រ្គោះជាតិ បានធ្វើឡើងនៅស្នាក់ការបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ដោយមានឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្ស ប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានទទួលស្វាមគន៍យ៉ាងរាក់ទាក់ ដោយភាព កក់ក្តៅ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ មករួមគ្នាអភិវឌ្ឍន៍ភូមិឃុំ ឲ្យមានការរីកចំរើន ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧតត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាសន៍ថា ខ្ញុំពិតជាមានមោទនភាព និងស្វាគមន៍ចំពោះប្អូនសោម វណ្ណី ដែលពីមុននេះជាសមាជិកគណបក្សសង្រ្គោះជាតិ តែឥលូវគាត់បានលះបង់ពីគណបក្សរបស់គាត់ សុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមប្រឹក្សាឃុំបន្ទាយស្ទោងទាំងអស់ពិត ជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ និងស្វាគមន៍ រាក់ទាក់យ៉ាងកក់ក្តៅបំផុត ពិសេសប្អូនសោម វណ្ណី បានដឹកនាំ សមាជិករបស់ខ្លួនមកចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក សោម វណ្ណី អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ដែលត្រៀមនឹងឈរឈ្មោះលេខរៀងទី១០ និងសមាជិកមានឈ្មោះ លោក ផាន សុផល លោក ថ្លែន លេប លោក ជុំ សាមុត លោក យ៉ង ឃឿន លោក យ៉ែម តន បានសុំចាកចេញពីការគ្រប់គ្រងរបស់គណបក្សសង្រ្គោះជាតិ មកផ្តើមជីវិតថ្មី ដើម្បីរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជន បានមាននិយាយថា គណបក្សសង្រ្គោះជាតិគ្មានគោលការណ៍ច្បាស់លាស់ គឺមានតែការភូតភកុហក ប្រជាពលរដ្ឋ ដូច្នេះលោកមិនអាចគាំទ្រនូវទង្វើទាំងនេះបាន ទើបចម្រេចចិត្តមកសុំរួមរស់ជាមួយនិងគណបក្សប្រជាជនកម្ពុជា ។
លោក លោក សោម វណ្ណី បានប្តេជ្ញាចិត្តគាំទ្រសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ ភូមិឃុំមានលទ្ធភាព ក្នុងការប្រកបមុខរបរទទួលទានរបស់ប្រជាពលរដ្ឋ ដោយបានប្តេជ្ញាចិត្តមិនកែប្រែ ដោយយល់ថា មានតែគណបក្សប្រជាជនមួយគត់ ដែលហ៊ានថា ហ៊ានធ្វើ មិនសន្សាខ្យល់។
ដោយ ប៊ុន រដ្ឋា



































