រថយន្ត ៩គ្រឿងដឹកលើសទម្ងន់ត្រូវបាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខេត្តកំពង់ធំឃាត់ផាកពិន័យ

0

កំពង់ធំៈ ប្រជាពលរដ្ឋអបអរសាទរ ចំពោះចំណាត់ការរបស់ មន្ទីរសាធារណៈការណ៍ ដឹកជញ្ជូនផ្នែកស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្ត បានឃាត់រថយន្ត ចំនួន៩គ្រឿង ដែលតែងតែលបលួចដឹកជញ្ជូនទំនិញលើសទម្ងន់ បង្ករឲ្យផ្លូវថ្នល់ទទួលរង​នូវការខូចខាត ដោយសារតែផលប្រយោជន៍ របស់បុគ្គលធ្វើឲ្យខាតបង់ថវិការរបស់ជាតិ  ។

រថយន្តធុនយក្យចំនួន៩គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរសាធារណៈការណ៍ ដឹកជញ្ជូនខេត្តកំពង់ធំ  ធ្វើការឃាត់ នៅយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ ដែលបណ្តាលមកពីដឹកដំឡូងមីស្រស់លើសទំងន់ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ ដែលមានទីតាំងស្ថានីយ៍ជញ្ជីងសម្រាប់ថ្លឹងរថយន្តស្ថិតនៅភូមិ  ត្រោយម្យាប  ឃុំប្រាសាទ  ស្រុកសន្ទុក  ខេត្តកំពង់ធំ៕

ពាក់ព័ន្ឋនឹងបញ្ហា ការឃាត់រថយន្ត ចំនួន៩គ្រឿងដែលបានដឹកលើសទម្ងន់ មន្រ្តីសារធារណ:ណ៍ការម្នាក់បានមាន​ប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ថែរក្សាផ្លូវថ្នល់ ដែលបានកសាងរួចមកហើយនេះ និងជាសម្បត្តិរបស់ រដ្ឋ ក៏ដូចជាសម្បត្តិរបស់បងប្អូនរួមជាតិទូទាំងប្រទេស ហើយក៏មិនសុខចិត្តឲ្យមនុស្សមួយចំនួនតូច មកប្រឹងបំផ្លាញ​ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ដោយយោងតាមក្រសួងសាធារណៈការដឹកជញ្ជូន បានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យការចរាចរណ៍ របស់បងប្អូនធ្វើដំណើរបានឆាប់រហ័ស និងស្របតាមគោលនយោ​បាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

រថយន្តធុនយក្យទាំង៩គ្រឿងនេះដឹកដំឡូងចេញពីទីតាំងខុសៗគ្នាអ្នកខ្លះដឹកចេញពីស្រុកអន្លង់វែងឆ្លងកាត់ខេត្តសៀមរាបដឹកចេញពីខេត្តព្រះវិហារ  និងដឹកចេញពីស្រុកសណ្តាន់ រថយន្តដែលដឹកដំឡូងមីស្រស់ទាំង៩គ្រឿងនេះយកទៅលក់នៅប្រទេសវៀតណាម ពួកម្ចាស់រថយន្តទាំង៩គ្រឿងមានការប្រត្តិកម្មយ៉ាងខ្លាំង ដោយសារតែកន្លងមក​មិនសូវឃើញចាប់ គឺឃើញតែឲ្យចូលបង់លុយ ។

មហាជនទូទៅបាន គាំទ្រយ៉ាងពេញទំហឹង នូវវិធានការ ទប់ស្កាត់បង្រ្កាបការដឹកជញ្ជូន ទំនិញលើសទម្ងន់ និងបានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ឋ រួមគ្នាអនុវត្តវិធានការបន្តទៀត ដើម្បីថែរក្សាផ្លូវថ្នល់ដែលជាសម្បត្តិរបស់ជាតិ ប្រើប្រាស់បានយូរអង្វែង ។

         ដោយ  ប៊ុន  រដ្ឋា