ខ្ចី​លុយ​អង្គការ​ធ្វើ​ផ្ទះ​នៅ​ សង​គេ​មិន​ទាន់​អស់​ផង​ ត្រូវ​ភ្លើង​ឆេះ​ហ្មត់​

0

កំពង់ចាម​:​ ផ្ទុះ​ឈើ​ប្រក់​ស័ង្កសី​១ខ្នង​ ដែល​មាន​ទំហំ​៥x​៩ម៉ែត្រ​ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំង​ស្រុង​ ខណៈ​ដែល​ម្ចាស់​មិន​បាន​នៅក្នុង​ផ្ទះ​ ដោយ​សង្ស័យ​ថា​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ កាល​ពី​វេលាម៉ោង​១២និង​២៥នាទី​ ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​ភូមិ​ចុង​ថ្នល់​ទី​២​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ម្ចាស់​ផ្ទះ​ដែល​រងគ្រោះ​ដោយ​ករណី​អគ្គីភ័យ​ខាង​លើ​ មាន​ឈ្មោះ​ គឹម​ កង​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ហេង​ ចន្តា​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ស៊ី​ឈ្នួល​សម្អាត​អនាម័យ​ មាន​កូន​៣នាក់​ក្នុង​បន្ទុក​ រស់នៅ​ភូមិ​ចុង​ថ្នល់​ទី​២​ សង្កាត់​បឹងកុក​ ក្រុង​កំពង់ចាម​។

សមត្ថកិច្ច​បាន​បន្ត​ថា​ ក្រោយពី​មាន​ករណី​អគ្គីភ័យ​កើតឡើង​ កម្លាំង​ជំនាញ​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៣គ្រឿង​ (រថយន្ត​របស់​ស្នងការ​២គ្រឿង​ និងរថយន្ត​របស់​ស្រុក​កំពង់​សៀម​១គ្រឿង​)​ ប្រើប្រាស់​ទឹក​អស់​ចំនួន​២រថយន្ត​ ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់។
សូម​បញ្ជាក់​ថា​ ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ករណី​អគ្គីភ័យ​នេះ​ គឺក្រីក្រ​ណាស់​ ខណៈ​ពេល​កើត​ហេតុ​ ២នាក់​ប្តី​ ប្រពន្ធ​ បាន​ទៅ​ស៊ី​ឈ្នួល​សម្អាត​អនាម័យ​នៅ​មន្ទីរពេទ្យ​ ដោយ​កូន​ៗ​ក៏​មិន​បាន​នៅ​ផ្ទះ​ ហើយ​ភ្លើង​បាន​ឆាបឆេះ​ចេញ​ពី​កន្លែង​ដាក់​ទូរទស្សន៍​ ដែល​សង្ស័យ​ថា​បណ្ដាល​មកពី​ទុស្សេ​ចរន្ត​អគ្គិសនី​ ទើប​បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​ឡើង​តែ​ម្ដង​ ៕