កំពង់ធំៈ កងទ័ពជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ត្រៀមប្រយុទ្ធតាមបទបញ្ជា គឺចាំបាច់កងយោធពលខេមរភូមិន្ទទាំងអស់ មានគុណភាព មានសុខភាពល្អ និងមានចំណេះដឹងពីយុត្តិសាស្រ្តនៃការនៃការ ប្រើប្រាស់អាវុធ និងភូមិសាស្រ្ត រួមទាំងការអត់ធ្មត និងគោរពវិន័យយ៉ាងម៉ឹងម៉ាត់ ជាគំរូល្អដល់ប្រជាពលរដ្ឋ ប្រសាសន៍ ត្រូវបានឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកឡើងក្នុងពិធី ចុះត្រួតពិនិត្យ សកម្មភាពរបស់កងកម្លាំងដែលកំពុងតែហ្វឹកហ្វឺន នៅវេរៈសេនាតូចថ្មើរជើងលេខ១ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺន គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ តាមបទបញ្ជារបស់ក្រសួងការពារជាតិ គឺគោលបំណងនៃការ ហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងយោធពលខេមរៈភូមិន្ទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកំទេចក្រុមបង្ករចលាចលបះបោរ ចង់បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិភាព ជូនប្រជាជនកម្ពុជា ។
ពិធីត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧ ដែលបានដឹកនាំមេបញ្ជាការង នាយទាហាន ដោយ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនបាញ់ស៊ីបគ្រាប់ពិត ប្រភេទអាវុធគាំទ្រថ្មើរជើង បេ៤០ និង បេ៤១ ដើម្បីពង្រឹងប្រសិទ្ធភាពប្រយុទ្ធរបស់កងកម្លំាងវរសេនាតូចថ្មើជើងលេខ១នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលគ្រោងនិងប្រព្រឹត្តទៅនៅពេលខាងមុខ ។
ក្នុងឳកាសនោះដែរ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់សិក្ខាមទាំងអស់ យកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះពីការហ្វឹកហ្វឺននេះ ដើម្បីជាចំណេះដឹងដ៏ល្អ សម្រាប់ការប្រើប្រាស់ក្នុងនាមជាកងកម្លាំង ត្រូវត្រៀមខ្លួនជានិច្ច រងចាំបទបញ្ជាពីថ្នាក់លើ ដើម្បីការពារជាតិមាតុភូមិ និងជាគំរូល្អដល់យុវជនសម័យក្រោយយកតំម្រាប់តាម តែបើសិនជាកងកម្លាំង ពុំមានចំណេះដឹងរឿងយុទ្ធសាស្រ្តកងទ័ព ប្រទេសជាតិនិងជួបនូវអសន្តិសុខមិនខាន។
ដោយ ប៊ុន រដ្ឋា





































