កំពង់ធំៈ ប្រជាការពារ២ឃុំ នឹងមន្រ្តីនគបាលប៉ុស្តិ៍រដ្ឋបាល សរុបចំនួន44នាក់ ត្រូវបានប្រគល់តួនាទីភារកិច្ចបន្ថែម ស្តីពីកិច្ចការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ ក្នុងអំឡុងពេលបោះឆ្នោត ជាពិសេសនៅមុនថ្ងៃបោះឆ្នោត រហូតដល់ក្រោយថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៤ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណញ្ជាការ ឯកភាពខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន អនុប្រធានគណញ្ជាការ ឯកភាពខេត្ត បានដឹកនាំសហការី ចុះសំណេះសំណាល និងប្រគល់ភារកិច្ចសំខាន់ៗ ដល់ប្រជាការពារចំនួន២ឃុំមាន៣៦នាក់ នគរបាលប៉ុស្ត៍រដ្ឋបាល ចំនួន៨នាក់ ដើម្បីការពារសុវត្តិភាពដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៤ ដែលពិធីនេះ បានធ្វើឡើងព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានប្រជុំពង្រឹងភារកិច្ចជូនដល់មន្រ្តីនគរបាលឃុំបន្ទាយស្ទោង និងប្រធានក្រុមប្រជាការពារមកពីភូមិទាំង១៥ភូមិ ដើម្បីឲ្យប្រជាការពារត្រូវអនុវត្តន៍ តាមសេចក្តីណែនាំ ១/ត្រូវប្រកាសសេចក្ដីណែនាំលេខ០៣ ស.ណ.ន របស់រាជរដ្ឋាភិបាលស្តីពីការផ្អាកមិនឲ្យលក់ដូរនិងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិនីទី៤ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧ ទី២ ត្រូវសហការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងធ្វើចរាចរណ៍ជូនគណបក្ស
នយោបាយនានា ដែលត្រូវហែរក្បួនបិទបញ្ចប់យុទ្ឋនាការបោះឆ្នោតឲ្យមានប្រសិទ្ឋិភាព ទី៣ ត្រូវសហការត្រួតពិនិត្យសកម្មភាព ល្មើសច្បាប់ទាំងឡាយណា របស់បុគ្គល ឬក្រុមណា ក្នុងការធ្វើសកម្មភាពទិញទឹកចិត្តប្រជាជន (នៅថ្ងៃទី០៣/៦/២០១៧)ដើម្បីផ្តន្ទាទោសតាមច្បាប់ដែលបានហាមឃាត់ ធ្វើយ៉ាងណាក្នុងថ្ងៃស្ងប់ស្ងាត់ កុំឲ្យមានរាត្រីឆ្កែព្រូស ទី៤ នគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានចាត់តាំងទៅបំពេញកាតព្វកិច្ចការពារក្នុងការរិយាល័យបោះឆ្នោតនីមួយៗ នៅថ្ងៃអាទិត្យទី០៤ខែមិថុនាឆ្នាំ២០១៧ ត្រូវទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន និងត្រូវបោះឆ្នោតខ្លួនឯងផង កម្លាំងទាំងអស់បានប្តេជ្ញាចិត្តអនុវត្តន៍នូវភារកិច្ចដែលបានប្រគល់ឲ្យទទួលបានជោគជ័យ ។
ដោយ ប៊ុន រដ្ឋា




































