VIDEO ឧត្តមសេនីយ៍ត្រី សោម ស៊ុន ត្រៀមបម្រុងកម្លាំងអន្តរាគមន៍តាមគោលដៅ ថែរក្សាសុវត្តិភាពសន្តិសុខ

0

កំពង់ធំៈ កងកម្លាំងត្រៀមបម្រុងអន្តរាគមន៍ ប្រចាំគោលដៅទី១ នៃអង្គភាព​វេរៈសេនាតូចថ្មើរជើងលេខ១នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានរៀបចំប្រមូលផ្តុំដើម្បីបែង​ចែកតួនាទីភារៈកិច្ចប្រចាំតាមគោលដៅ ដើម្បី​ចល័ត​អន្តរាគមន៍​ឲ្យបានទាន់​ពេល​វេលា​តាម​បទបញ្ជ​របស់​ថ្នាក់​លើ ក្រោមការយកចិត្តទុកដាក់ របស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិ​បត្តិការ​​​សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅភូមិថ្នល់​បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់​ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិ​បត្តិការ​​​សឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយ​បានគោរពនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ឲ្យទទួលខុសត្រូវផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យគ្រប់គណបក្ស​ទាំងអស់ ទទួលបាននូវសុវត្តិភាពល្អ និងការបោះឆ្នោតប្រកបដោយរលូន គឺបាន​ត្រួតពិនិត្យ​កម្លាំង និងត្រៀម​កម្លាំង​អន្តរាគមន៍​តាមគោលដៅ របស់​វរសេនាតូច​ថ្មើជើង​លេខ​១​ ​ដើម្បីថែរ​ក្សាសន្តិភាព​ និង​ភាព​សុខ​សាន្ត​ជូនប្រជាជន​យើង ក្នុងអំឡុងពេលបោះឆ្នោត ជាពិសេសមុនថ្ងៃបោះឆ្នោត រហូតដល់ក្រោយពេលបោះឆ្នោត ដើម្បីឲ្យប្រជាពល​រដ្ឋបានបញ្ចេញមតិ និងសំលេងឆ្នោត ដោយសុវត្តិភាព។

នៅក្នុងឪកាស ចុះសំណេះសំណាលជាមួយនិងកម្លាំងអន្តរាគមន៍ ត្រៀមបម្រុងទប់ស្កាត់រាល់បទល្មើស ដែលប្រ ព្រឹត្តឡើងដោយខុសច្បាប់  ឯកឧត្តម សោម ស៊ុន​បាននាំយក​សាច់​ជ្រូក១០គីឡូ​ក្រាម​ បន្លែ​គ្រប់​មុខ​ចំនួន​១៥គីឡូ​ ​ ទឹក​បរិសុទ្ធ​២០យួរ​ មីយើង​៥​ កេស​ និង​នុំធុងចំនួន២​ ធុង​ សម្រាប់ផ្តល់ជូនដល់កងកម្លាំងដែលប្រចាំការ ការពារ​ក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧។

កងកម្លាំងយោធពលខេមរភូមិន្ទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ប្តេជ្ញា​ចិត្ត​ដាច់ខាត​ការ​ពារ​ជាតិ​ សាសនាព្រះមហាក្សត្រ​ និងការពាររាជរដ្ឋាភិបាលស្របច្បាប់​ ដែលដឹកនាំ​ដោយ​សម្តេចតេជោ​ ហ៊ុន សែន​ ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ហើយនិង​ ប្រឆាំង​ដាច់​ខាត​នូវ​សកម្មភាព​ញុះញង់​លាបព៍ណ​ធ្វើ​ឲ្យសង្គមខ្មែរបែកបាក់​ និង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ។

ដោយ  ប៊ុន   រដ្ឋា