កសិកររអូរទាំពីកសិផល (ផ្លែត្របែកធម្មជាតិមង្គលបូរីបានធ្លាក់ថ្លៃ ហើយទីផ្សាររអាក់រអួល)

0

បន្ទាយមានជ័យ :ផ្លែត្របែកធម្មជាតិមង្គលបូរីដែលល្បីឈ្មោះនៅខេត្តបន្ទាយមានជ័យឬអាចថានៅបណ្តោយផ្លូវជាតិលេខ៥តែម្តងនៅឆ្នាំ២០១៧នេះបានធ្លាក់ថ្លៃមកទាបបើធៀបនឹងឆ្នាំ២០១៦កន្លងមក ហើយទីផ្សារលក់បោះដុំនិងលក់រាយក៏រអាក់រអួល ឬលំបាករកដែរ។
នេះបើតាមការនិយាយប្រាប់ពី លោក មួរ បេងលឹម ម្ចាស់ចម្ការត្របែកធំមួយក្នុងចំណោមចម្ការនៃ “ត្របែកធម្មជាតិមង្គលបូរី” នៅដងស្ទឹងមង្គលបូរី ភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៧នេះ។
លោកថា: ផ្លែត្របែកគីឡូដែលជាត្របែកដាំបែបបធម្មជាតិ មិនប្រើសារធាតុគីមីរបស់លោក បានប្រឈមនិងជួបវិបាកធ្លាក់ថ្លៃលក់។ ដូចកាលឆ្នាំ២០១៦ ត្របែកគីឡូមានគ្រាប់និងឥតគ្រាប់នេះ លក់បោះដុំ១គីឡូក្រាមបានពី២.៥០០ទៅ៣.០០០រៀល ឆ្នាំ២០១៧នេះលក់បានតែពី២.០០០រៀលប៉ុណ្ណោះ។
លោកបន្តថា :ចំពោះទីផ្សារវិញ កន្លងមកត្របែកនេះលក់ទៅក្នុងទីផ្សារនានានិងតាមផ្លូវក្នុងស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប និងផ្សាររោងក្លឿប្រទេសថៃជាដើម។នៅឆ្នាំនេះ នៅរក្សាបានទីផ្សារនៅទីតាំងខាងលើដដែល ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនឹងត្របែកពីប្រទេសថៃឬពីកន្លែងផ្សេងដែលគេក្លែង បន្លំ កេងចំណេញថាជា “ត្របែកធម្មជាតិមង្គលបូរី “(ក្លែងម៉ាកផលិតផល) ។និងលើសពីនេះប្រឈមនឹងការដណ្តើមទីផ្សារពីផ្លែឈើដទៃទៀត ។
ជាងនេះទៅទៀត ត្របែកមង្គលបូរីក៏ជួបបញ្ហាពិបាកលក់ព្រោះតែស្ថានភាពជីវភាពធ្លាក់ចុះរបស់ពលរដ្ឋដែលនិយមបរិភោគផ្លែត្របែក។
លោក មួរ បេងលីម និយាយបន្តថា :បញ្ហាលំបាក បញ្ហាប្រឈមមានតែប៉ុណ្ណឹងហើយក៏មិនចាំបាច់សុំអន្តរគមន៍ជួយពីផ្នែកពាក់ព័ន្ធ រួមទាំងជំនាញកសិកម្មដែរព្រោះការបង្កើតចម្ការត្របែកនិងឈើហូបផ្លែរបស់គាត់តាំងពីទសវត្សរ៍ទី៨០មកនោះ ក៏មិនដែលទទួលបានការប្រឹក្សាយោបល់ ជំនួយបចហចេកទេសឬការយកចិត្តទុកដាក់ចុះពិនិត្យមើលពីមន្ត្រីជំនាញកសិកម្មនិងដៃគូអភិវឌ្ឍន៍ដែរ។
ពោលគឺទាំងការជ្រើសរើសពូជ បច្ចេកទេសដាំ ថែទាំ ការប្រើជីអាចម៍ គោក្របី មាន់ទា …សម្រាប់ដាំ ការរកទីផ្សារ…គឺពឹងលើខ្លួនឯងទាំងស្រុង។
ទោះយ៉ាងណា នៅមានខាងមន្ត្រីអាជ្ញាធរ កងកម្លាំងនិងជាពិសេសអតិថិជនគាំទ្រទិញផ្លែត្របែកនេះបរិភោគមិនដែលដាច់ដែរ។
លោកនិយាយបន្តថា : លើផ្ទៃដីទំហំ២ហិចតានៅបហរបស្ទឹងមង្គលបូរីដែលប្រកបដោយភក់ល្បាប់នេះ លោកនិងភរិយានិងកម្មករសុីឈ្នួលបានដាំត្របែកគីឡូពូជខ្មែរនិងថៃជាង៧០០ដើម,ដាំបន្ថែមដំណាំឈើហូបផ្លែដូចជាមៀន ខ្នុរ គូលែន ក្រពីងរាជ ព្រឹងដោះក្របីពូជរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក ល្មុត ចេក អំពៅ និងដំណាំបន្លែបង្កាចម្រុះ។ក៏មានជីកស្រះដាក់ត្រីនិងកង្កបធម្មជាតិផងដែរ។
ក្រៅពីនោះមានចិញ្ចឹមមាន់ ទា ។ហើយក៏មានប្រើថ្នាំបំប៉នជម្រុញផ្លែដែលនាំចូលពីប្រទេសថៃដែរ។
ហើយចម្ការ១ទៀតក្នុងភូមិសាលាដែងឃុំឬស្សីក្រោកដែរ លោកក៏មានដាំស្វាយចម្រុះជិត២ហិចតាផងដែរ។
យោងលោក រត្ន័ ដាសុីណង់ អភិបាលរងស្រុកមង្គលបូរីអោយដឹងថា :នៅស្រុកមង្គលបូរីពិតជាល្បីឈ្មោះនឹងកសិផលឈើហូបផ្លែ ត្របែកមង្គលបូរីនោះមែន។ក្នុងនោះមានត្របែកគីឡូមានគ្រាប់នុងឥតគ្រាប់របស់លោកមួរ បេងលីម,របស់ពេទ្យណាង(នៅឃុំឬស្សីក្រោក), របស់លោកគ្រូភាពនៅភ្នំធំ ឃុំអូប្រាសាទ..ដែលជាអ្នកដាំត្របែកពី៣០០ដើមឡើងទៅ។ក្រៅពីនោះនៅមានអ្នកត្របែកគីឡូក្នុងចំនួនត្រឹមក្រោម២០០ដើមចុះមួយចំនួនទៀត។
ទោះជាប្រឈមនឹងបញ្ហាធ្កាក់តម្លៃ បញ្ហាទីផ្សារដូចខាងលើ ក៏ម្ចាស់ចម្ការត្របែកធម្មជាតិនិយាយដោយអំនួតថា :ត្របែកគីឡូជាដំណាំហុចផលខួបប្រាំងវស្សា ហើយវាក៏មិនសូវរងនឹងកត្តាចង្រៃ ។វាជាផ្លែឈើដែលមនុស្សចូលចិត្តហូបជាលក្ខណ:គ្រួសារ និងប្រពៃណីស្ទើររាល់ថ្ងៃ។ផលវាត្រូវហុចនិងលក់បានស្ទើររាល់ថ្ងៃ ហើយមិនជួបនឹងបញ្ហាស្កក ស្វិត លិចលង់និងធ្លាក់ថ្លៃដូចដំណាំស្រូវនិងដំឡូងមីឡើយ៕ដោយ:ឃិន គន្ធា