យុទ្ធវិធីប្រយុទ្ធជាមួយសត្រូវក្នុងពេលខ្មាំងស្ទាក់បាញ់ខណៈពេលយុទ្ធដំណើរក្នុងសមរភូមិ

0

កំពង់ធំៈ ជារៀងរាល់ឆ្នាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំហ្វឹកហ្វឺនដល់យោធិន ក្រោមការឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើយុទ្ធដំណើរនេះមានកម្លាំងទាំងអស់២៥០នាក់ ដើម្បីត្រៀមអន្តរាគមន៍តាមបទបញ្ជា ក្នុងគោលបំណងនៃការធ្វើយុទ្ធដំណើរគឺមាន២ចំនុច ទី១ ដើម្បីសមត្ថភាព រាងកាយសម្បទារបស់យោធិននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបានកំណត់ឲ្យដើរចម្ងាយផ្លូវ៣២គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលា២ថ្ងៃមួយ​យប់ ទី២គឺពង្រឹងគុណភាពប្រយុទ្ធដល់កងកម្លាំង ដើម្បីត្រៀមចល័តទៅទិសព្រំដែននៅពេលដែលមាន បទបញ្ជា ប្រសាសន៍ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ថ្លែងក្នុងពេល ត្រួតពិនិត្យកងកម្លាំងយោធិនមុនពេលយុទ្ធដំណើររបស់ទ័ព។

កងកម្លាំងយោធិនទាំង២៥០នាក់ បានធ្វើយុទ្ធដំណើរក្នុងចម្ងាយផ្លូវ៣២គ.ម ដោយចេញពីបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ១ស្ថិតក្នុងភូមិតាឡែកថ្មី ឆ្ពោះទៅកាន់វត្តក្រពើចាស់ ស្ថិតនៅភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទ​បាល្ល័ង ខេត្តកំពង់ធំកាត់វាល កាត់អូ កាត់ព្រៃ ឆ្លងកាត់ទឹកតូចធំ ក្នុងរយះពេល២ថ្ងៃមួយយប់ ដោយ​សម្រាក់ក្នុងព្រៃទាំងកណ្តាលភ្ញៀង មិនតែប៉ុណ្ណោះនៅកណ្តាលផ្លូវបាន ការបើកឆាកប្រយុទ្ធជាមួយសត្រូវ​ ដោយបានបំផ្ទុះគ្រាន់មីន និងអាវុធតូចធំ ដើម្បីសាកល្បងសតិស្មារតីក្នុងសមរភូមិរបស់កងកម្លាំងក្នុងគោលបំណងពង្រឹងគុណភាពប្រយុទ្ធ ក្នុងឆាកប្រយុទ្ធសប្បនិមិត្ត ដែលពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤និង២៥ ខែមិថុនា ឆ្នាំ ២០១៧ ។

ឯកឧត្តមសោម ស៊ុន បានមានប្រសាសន៍ថា យទ្ធដំណើរក្នុងថ្ងៃនេះ គឺបានបើកក្បួនប្រយុទ្ធ ដោយសារ​ខ្មាំងស្ទាក់វាយតាមផ្លូវ ខណៈសិក្ខាកាមទាំងអស់បានបែកក្បួនប្រយុទ្ធតាមការសិក្សាមក ភូមិសាស្រ្តនៅក្នុងសាលា ហើយក៏បានអនុវត្តជាក់ស្តែងនៅក្នុងព្រៃតែម្តង ដើម្បីឲ្យបងប្អូនស្ទាត់ជំនាញ​ការចល័ត និងការអន្តរាគមន៍ ក្រៅពីការហ្វឹកហាត់នេះ គឺមានការរៀនសូត្រនូវមុខជំនាញផ្សេងៗ ដូចជា បទបញ្ជាចរាចរណ៍ ជាពិសេសគឺផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព ដែលត្រូវសហការជា មួយអាជ្ញាធរដែនដី ជាមួយនឹងកម្លាំងប្រដាប់អាវុធដ៏ទៃទៀត ធ្វើយ៉ាងណាឲ្យភូមិឃុំនៅក្នុងខេត្តកំពង់ធំ​មានសុវត្តិភាព ក្នុងនោះដែរក៏បានអប់រំនិងផ្សព្វផ្សាយគ្រឿងញៀន ដោយអង្គភាពតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ចំពោះយោធិនទាំងអស់ ដែលជាគំរូដល់ប្រជាពលរដ្ឋ ជាលទ្ធផលយោធាខេត្តកំពង់ធំ ពុំមាននណាម្នាក់ដែលផ្ទុកសារធាតុញៀននោះទេ ហើយក៏ជាការចូលរួម​ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម ស៊ុន បានកោតសរសើរចំពោះយោធិនទាំងអស់ ដែលតស៊ូប្រឹងប្រែង យកអស់កំលាំងចិត្តកាយ រៀនសូត្រក្រេបជញ្ជក់ចំណេះដឹង រហូតទទួលបានជោគជ័យក្នុងពេលនេះ នឹងសង្ឃឹមជឿជាក់ថា ចំណេះវិជ្ជាដ៏មានតំលៃនេះ សិក្ខាកាមទាំងអស់យកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ទាំងវិន័យ សីលធម៌ និងគុណធម៌ រួមទាំងការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា វាសនាប្រទេសជាតិគឺពឹងផ្អែកទៅលើយោធិនទាំអស់នេះហើយ ដែលជាទំពាំងស្នងឬស្សី​ បន្តវេនដឹកនាំប្រទេស និងស្មោះត្រង់ដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចំពោះជនណាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលដែល​កើតចេញពីការបោះឆ្នោត ។

ដោយ  ប៊ុន រដ្ឋា