អ្នក​អភិរក្ស​គ្រោង​យក​ព្រះពុទ្ធ​រូប​ដែល​រកឃើញ​ពេល​កំណាយ​ជួសជុល​ប្រាសាទតាព្រហ្ម​ដាក់​នៅ​ទីតាំង​ដើម​វិញ​

0

​ខេត្តសៀមរាប​៖​ប្រាសាទតាព្រហ្ម​ត្រូវបាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះ​មាតា​ព្រះអង្គ ដែលមាន​រូប​បដិមា​ស្នង​ក្នុង​រូប​ភាពជា “​ប្រាជ្ញា​បារមី​”​។ ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ថា «​រាជ​វិហារ​» ត្រូវបាន​ចាត់ទុកថា ជា​វត្ត​ព្រះពុទ្ធសាសនា​ដ៏​ធំ​នា​សម័យ​នោះ​។ ក្នុង​គម្រោង​ជួសជុល​ជំហាន​ទី​២ ដែលជា​កិច្ចសហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា ក្រុមការងារ​បានធ្វើ​កំណាយ​នៅ​សាល​របាំ ហើយ​បាន​ប្រទះឃើញ​ព្រះពុទ្ធ​រូប​២​អង្គ ដែល​មានតែ​ដងខ្លួន បាត់​ព្រះ​កេស​។​
លោក ចាន់ ឡាយ អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​នៃ​ប្រាសាទតាព្រហ្ម បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​អនុសាសន៍​យល់ព្រម​ពី​អ្នកជំនាញការ​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ICC-Angkor ក្រុមការងារ​របស់លោក​នឹង​យក​ព្រះពុទ្ធ​រូប​ទៅ​ដាក់​នៅ​សាល​របាំ​ដែលជា​ទីតាំង​ដើម​នៃ​ពុទ្ធ​រូបនោះ​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​គោរពបូជា​។ លោក​បញ្ជាក់ថា ពុទ្ធរូប​២​អង្គ​នោះ គឺជា​ពុទ្ធរូប​ប្រក់​នាគ ដែល​ក្រុមការងារ​របស់លោក​បាន​ប្រទះឃើញ ពេលធ្វើ​កំណាយ​អំឡុងពេល​ចាប់ផ្តើម​ការដ្ឋាន​ជួសជុល​សាល​របាំ​អំឡុង​ឆ្នាំ​២០១១​។​
លោក ចាន់ ឡាយ មិនទាន់​អាច​បញ្ជាក់បាន​អំពី​កាលបរិច្ឆេទ​នៃ​ការ​ដង្ហែ​ព្រះពុទ្ធ​រូប​ទៅ​តម្កល់​នៅ​ទីតាំង​ដើម​នៅឡើយ​ទេ ដោយសារ​ការជួសជុល​សាល​របាំ​មិនទាន់​រួចរាល់​ស្ថាពរ ជៀសវាង​ការធ្លាក់​ដុំថ្ម ឬ​កំទេច​ផ្សេងៗ​មក​ប៉ះ​ពុទ្ធរូប​អាច​បណ្តាល​ខូចខាត​ថែមទៀត​។​
គួររម្លឹកថា ក្រោយ​ការស្នើសុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០០២ រដ្ឋាភិបាល​ឥណ្ឌា​តាមរយៈ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (Archeological Survey of India-ASI) រួមសហការ​ជា មួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​យូណេស្កូ បានចាប់ផ្តើម​ការអភិរក្ស​ជួសជុល ទល់​ទ្រ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង ក្នុងដំណាក់កាល​ទី​១(២០០៤-២០១៤) គម្រោង​នេះ​សម្រេចបាន​ការជួសជុល​រួចរាល់​ទាំងស្រុង​នូវ​រោងទង​ខាងកើត​ឆៀង​ខាងត្បូង រានហាល​ខាងលិច ខ្លោងទ្វារ​ច្រកចូល​ទី​៤ ខ្លោងទ្វារ​ខាងលិច និង​ជញ្ជាំង​ថ្មបាយក្រៀម​អម​សងខាង​។ ក្រៅពី​ចំណុច​ជួសជុល​ទាំងនេះ នៅមាន​ផ្នែក​ច្រើន​ទៀត ដែល​ក្រុមការងារ​បានធ្វើការ​ទ​ល់​ទ្រ និង​ចងរឹត​ដោយ​ខ្សែកាប ដើម្បី​ការពារ​ការ​របេះ​ធ្លាក់​ឬ​ដួលរលំ​បន្ថែមទៀត​។ សម្រាប់​ជំហាន​ទី​២ (២០១៥-២០២៥) គម្រោង​កំពុងដំណើរការ​ជួសជុល​ផ្គុំ​ឡើងវិញ​នូវ​សាល​របាំ ដែល​រង​ខូចខាត​ស្ទើរ​ទាំងស្រុង តាមរយៈ​ការប្រមូល​បំណែក​ថ្ម​ធ្លាក់​ខូចខាត មក​រៀប​ដំឡើង​នៅតាម​ទីតាំង​ឲ្យ​ដូច​ពី​សម័យបុរាណ​ឡើងវិញ​៕​ប៊ុន​រិទ្ធី​