ប្រតិភូសង្ឃនិងពុទ្ធបរិស័ទខេត្តសៀមរាបយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅជូនដល់កងទ័ពជួរមុខប្រចាំទិសប្រាសាទតាមាន់ តាក្របី

0

ខេត្តសៀមរាប៖គណប្រតិភូសង្ឃនិងពុទ្ធបរិស័ទខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទរង្សី ឡាច លាង អនុគុណក្រុងសៀមរាប កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ជូនដល់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំខ្សែត្រៀមជួរមុខនៃតំបន់ប្រាសាទតាមាន់ ដែលឈរជើង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាបច្ចុប្បន្ននេះ ។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស បានបញ្ជាក់ថា សភាពការណ៍នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រប្រាសាទតាមាន់ និង ប្រាសាទតាក្របី គឺមានសភាពស្ងប់ស្ងាត់ពុំមានអ្វីប្រែប្រួលឡើយ តែទោះជាយ៉ាងណាក៏ដោយ ក៏កងទ័ពនៅតែប្រុងស្មារតី និងប្រុងប្រយត្ន័ខ្ពស់ ពុំធ្វេសប្រហែស មួយវិនាទីឡើយ។ចំពោះជីវភាពរស់នៅរបស់កងទ័ព គឺពួកគាត់មានសុខភាពល្អ ក្រោមការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និង ទទួលបានការឧបត្ថម្ភ ថវិកាហូបចុកពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមផ្សំជាមួយការងារបង្កបង្កើនផលក្នុងគ្រួសាររបស់ពួកគាត់ បាននាំឱ្យកម្រិតជីវភាពរស់នៅទាំងកងទ័ពនិងគ្រួសារកងទ័ព នៅតាមបណ្តោយព្រំដែននេះ មានភាពល្អប្រសើរ ហើយសុខភាពពួកគាត់ ក៏មិនមានជួបបញ្ហាដែរ ជាពិសេសពុំមានជំងឺគ្រុនចាញ់ដូចកាលមុនឡើយ ។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ក៏សម្តែងនូវអំណរគុណចំពោះព្រះវត្តមាន និង វត្តមានរបស់ប្រតិភូសង្ឃនិងពុទ្ធបរិស័ទនៃខេត្តសៀមរាប ដែលបានឆ្លៀតឱកាសចុះមកសួរសុខទុក្ខ និង ផ្តល់ជូនជាអំណោយដល់កងទ័ពប្រចាំខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាបង្ហាញពីយកចិត្តទុកដាក់ចំពោះកងទ័ព និង លើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដី ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះគ្រូប្រាសាទរង្សី ឡាច លាង អនុគណក្រុងសៀមរាប រួមជាមួយព្រះអនុគុណនិងព្រះភិក្ខុសង្ឃក្នុងខេត្ត និងមកពីតាមបណ្តាស្រុកមួយចំនួន បានដឹកនាំប្រជាពុទ្ឋបរិស័ទក្នុងខេត្ត ធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ដោយប្រមូលបានបច្ច័យសរុបចំនួន៣១លានរៀល និងដង្ហែរទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តដំណាក់គីរីសាគរ ហៅវត្តគូ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានប្រគេនបច្ច័យ និងទេយ្យទានជាច្រើន ដល់វត្ត៥ទៀត គឺវត្តប្រាសាទតាមាន់, វត្តថ្មដូន, វត្តជប់គគីរ, វត្តអូរទឹកចោល, និងវត្តបន្សាយរាក់ផងដែរ ។
ជាមួយនេះដែរ ព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទក៏បាននាំយក គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនកងទ័ព នៅទិសប្រាសាទតាមាន់ និង ទិសប្រាសាទតាក្របី ដែលមួយអង្គភាពទទួលបានថវិកា១លាន៥សែនរៀល និង នគរបាលការពារព្រំដែនទទួលបាន៨សែនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន៕ប៊ុនរិទ្ធី