បន្ទាយមានជ័យ ៖ក្រោយការបើកិច្ចប្រជុំសម្របសម្រួល លើករណីសំណើរ សុំអន្តរាគមន៍របស់អាជីវករផ្សាររ៉ាថ្មីមកអាជ្ញាធរក្រុងប៉ោយប៉ែត ដែលសូមឲ្យម្ចាស់ផ្សារកុំតម្លើងតម្លៃតូបក្នុងអាណត្តថ្មីនោះ នៅតែគ្មានដំណោះស្រាយណាមួយល្អប្រសើរឡើយ ។
កិច្ចប្រជុំសម្របសម្រួលនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាមូលដ្ឋាន និងម្ចាស់ផ្សារ អាជីវកជាង៨០នាក់ ។ 
ក្នុងកិច្ចប្រជុំនេះ ក្រុមអាជីវករ បានលើកឡើង និងទទូចសុំឲ្យអាជ្ញាធរមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ ដើម្បីឲ្យម្ចាស់ផ្សារយល់ព្រមតាមការទាមទាររបស់ពួកគាត់ ដូចជា ៖ ១-សុំឲ្យលោក ទិត្យ លេក និងលោកស្រី លី ម៉ារី ដែលជាម្ចាស់ផ្សាររ៉ាថ្មី ក្នុងអាណត្តថ្មីនេះ កុំតម្លើងថ្លៃតូប ដោយរក្សាតម្លៃដូចក្នុងអាណត្តិចាស់ គឺ៥ឆ្នាំ ក្នុងតូបទំហំដីបាតតូបទំហំ២,២ ម×២,២ ម តម្លៃកក់២ម៉ឺនបាត និងបង់ប្រចាំខែ១០ម៉ឺនរៀល រួមនិងផាស៊ីប្រចាំថ្ងៃ៥រយរៀល ។ ២- សុំឲ្យម្ចាស់ផ្សាររៀបចំសន្តិសុខផ្សារឲ្យបានគ្រប់ពេលវេលា ។ ៣- សុំឲ្យម្ចាស់ផ្សារបង្កើនការប្រមូលសម្រាមព្រោះពួកគាត់បង់ផាស៊ីមិនដែលខាន ។ ៤- សុំរុះរើសម្ភារៈសំណង់តូបដូចជាទ្វារ រនាំង ជញ្ជាំង ពិដាន កុងទ័រភ្លើង ដែលជាថវិកាផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងករណីពួកគាត់មិនបន្តកុងត្រា ។
ក្រោយការលើកឡើងពីការទាមទារមិនសុខចិត្ត និងផលវិបាកមួយចំនួនរបស់អាជីវកផ្សារ៉ាថ្មី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក្នុងនាមអាជ្ញាធរក្រុង បានទទួលយកសំណើរ និងបានស្នើ ទៅខាងម្ចាស់ផ្សារ មេត្តាមានការយោគយល់ចំពោះខ្ពស់ចំពោះ ក្រុមអាជីវករ ព្រោះអាជីវករក៏ជាផ្នែកមួយយ៉ាងសំខាន់របស់ផ្សារ ហើយម្យ៉ាងវិញទៀមួយរយៈនេះអាជីវករ ក៏លក់មិនសូវដាច់ដែរ ។ ទៀតសោធលោកមិនចង់ឲ្យភាគីទាំងសងខាងមានការខាតបង់អ្វីឡើយ ហើយក៏មិនអាចអនុញ្ញាតិឲ្យអ្នកវិនិយោគណាម្នាក់ កេងចំណេញហួសពីសៀវភៅបន្ទុករបស់រដ្ឋដែរ ។ 
បើទោះបីជាមានការ សម្របសម្រួលពីលោកអភិបាលក្រុងយ៉ាងណានេះក្តី ក៏ខាងម្ចាស់ផ្សាររ៉ាថ្មី នៅតែដាច់មិនព្រម ទទួលយកសំណើរនេះដែរ ដោយរក្សាជំហរយកថ្លៃតូប តម្លៃជួលដាច់១អាណត្តរយៈពេល៥ឆ្នាំ តម្លៃ២៥០០ដុល្លា ក្នុង១តូប ។ តម្លៃជួល បង់ប្រចាំខែ១អាណត្តិ៊ ត្រូវបង់មុន១២០០ដុល្លា ហើយត្រូវបង់ប្រចាំខែ១០ម៉ឺនរៀលបន្ថែមទៀតរហូតដល់ចប់អាណត្ត ។ ដោយឡែកបញ្ហាមួយចំនួនទៀត នឹងបន្តអនុវត្តន៍តាមកិច្ចសន្យាដែលខាងភាគីម្ចាស់ផ្សារ បានចុះជាមួយអាជីវករ ។ 
គួររំលឹកថា បញ្ហាមិនសុខចិត្តរបស់អាជីវករផ្សារ៉ាថ្មី ដែលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ កាលពីកន្លងមក ធ្លាប់ត្រូវបានក្រុមអាជីវករ សម្តែងការមិនពេញចិត្តម្តងហើយ ដោយនាំគ្នាមកឈរត្រៀបត្រានៅមុខទីតាំងផ្សារនេះ រហូតឈានដល់ដាក់ពាក្យសុំការអន្តរាគមន៍ពីអាជ្ញាធរខាងលើតែម្តង ៕ ដោយ ឃិន គន្ធា



































