រស្មី កោះសន្តិភាព
ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវ ករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខណៈជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានរបួង ជនរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ ដំណាក់រីវើរសាយ ជាមួយគ្នា ពេលនោះជនរងគ្រោះបានចូលទៅងូតទឹក ក្នុងបន្ទប់ទឹក ហើយជនសង្ស័យបានធ្វើសកម្មលួចទូរស័ព្ទដៃនិងកាមមេរ៉ា កាលពីនៅវេលាម៉ោង ២២ និង ២៣ នាទី យប់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ផ្ទះសំណាក់ ដំណាក់រីវើរសាយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការឃាត់ខ្លួនជនសង្ស័យជំនាញលួចនោះបានធ្វើឡើងនៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ខាងកើតខារ៉ាអូខេ ភីងផារាដាយ ស្ថិតភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក វរសេនីយ៍ត្រី. អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានប្រាប់នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧នេះថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យលោកដឹកនាំកម្លាំងក្រោម,ឱវាទចុះស្រាវជ្រាវករណីលួច រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួចបញ្ជូនមកកាន់ការិយាល័យ
ជំនាញ ដើម្បីសួរនាំ។លោកបានបន្តថា ករណីលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះបានប្រព្រឹត្តិឡើងកាលពីវេលាម៉ោង ២២ និង ២៣ នាទី យប់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ ស្ថិតនៅចំណុច ផ្ទះសំណាក់ ដំណាក់រីវើរសាយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានរបួង ជនរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ ដំណាក់រីវើរសាយ ជាមួយគ្នា ពេលនោះជនរងគ្រោះបានចូលទៅងូតទឹក ក្នុងបន្ទប់ទឹក ហើយជនសង្ស័យបានធ្វើសកម្មលួចទូរស័ព្ទដៃនិងកាមមេរ៉ា ដ៏មានតម្លៃរាប់ពាន់ដុល្លា ហើយយកទៅលក់ឱ្យអ្នកលក់កាមមេរ៉ានៅភ្នំពេញ។លោកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជុំ ជីវ័ន ភេទប្រុសអាយុ៣០ឆ្នាំមានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានមកជួលផ្ទះស្នាក់នៅបណ្តោះអសន្នភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង /ខេត្តសៀមរាប។ចំណែកជនរងគ្រោះឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ
និស្សិត រស់នៅ ភូមិព្រែក ព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំង។បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ កម្លាំងជំនាញបានសួរនាំ ជននេះក៏បានសារភាពថា សម្ភារៈដែលគេលួចបាន យកទៅលក់នៅផ្សារថ្មី ទីក្រុងភ្នំពេញ។លោកបានបញ្ជាក់បន្ថែមថា ក្រោយបានចម្លើយសារភាពរបស់ជនសង្ស័យ មកកម្លាំងជំនាញ សហការណ៍ជាមួយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខ័ណ្ឌដូនពេញបានចុះទៅដល់ចំនុចហាងលក់កាមមេរ៉ាសុវត្ថិភាពយីហោ ថៃ. ឃាង ដែលមានម្ចាស់ជាអ្នកទទួលទិញឈ្មោះ ថៃ. ស៊ី ភេទប្រុសអាយុ៦១ឆ្នាំមុខរបរលក់កាមមេរ៉ា ក្នុងផ្សារថ្មី មានទីលំនៅបច្ចុប្បន្ន ស្ថិតសង្កាត់ផ្សាថ្មីទី2 ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖_កាបូបដាក់កាមេរ៉ាម៉ាក កាណុង ចំនួន ០១ (របស់ជនរងគ្រោះ)_ ទូរស័ព្ទអាយហ្វូនសិចផ្លាស់ ព៌ណស ចំនួន ០១ គ្រឿង(របស់ជនរងគ្រោះ)_ ទូរស័ព្ទអាយហ្វូនសេវិនផ្លាស់ ព៌ណខ្មៅ ចំនួន ០១ គ្រឿង(របស់ជនរងគ្រោះ)_ ស៊ីមកាតលេខ ០១៦៨០៧៧២១ ចំនួន ០១_ ស៊ីមកាតលេខ ០១៦៨០៧៨៧០ចំនួន០១_សក់លីឡុង០១ថង់ _កាតចំរុះចំនួន ១៦ កាត_ អត្តសញ្ញាណប័ណ្ណជាតិខ្មែរចំនួន ០១_លិខិតឆ្លងដែនចំនួន០១_កាមមេរ៉ាកាណុងម៉ាក EOS70Dចំនួន01គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង ដែលចាប់យកពីជនសង្ស័យ និង អ្នកលក់ នៅផ្សារធំថ្មី ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ ច័ន្ទ រស្មី




































