ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ បានណែនាំដល់សិស្សនគរបាលទាំងអស់ ត្រូវយកចំណេះដឹងដែលបានមកពីការ សិក្សារៀនសូត្រ យកទៅបំរើផលប្រយោជន៍សង្គមនិងប្រជាពលរដ្ឋឲ្យបានល្អ ត្រូវបានសាមគ្តីភាពផ្ទៃក្នុង អនុវត្តនូវវិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ ប្រសាសន៍នេះបានថ្លៃក្នុងពិធី ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនិងប្រកាសស៊ប់ចូលក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មកពីខេត្តចំនួន៣នាព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧ នៅសាលានគរបាលជាតិភូមិភាគ៤។
ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនិងប្រកាសស៊ប់ចូលក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មកពីខេត្ត ចំនួន ៣ គឺ ខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ សរុប សិក្ខាកាមចំនួន១៨៤នាក់ ស្រី ៣៧នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ត្រី សាយ រិទ្ធីស័ក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឱ្យដឹងថា៖ នេះជាការបញ្ចប់វគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលនិងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ជមន្ត្រីនគរបាលជាតិលើក ទី២ ត្រូវបានទទួលវិញ្ញាបនប័ត្រនិងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាតាមនិតិវិធី ចំពោះអ្នកដែលបោះបង់ការសិក្សានិងអ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា គឺមិនត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ជនាពេលនេះទេ ដោយត្រូវរង់ចាំការតាំងស៊ប់នៅពេលក្រោយដូច្នេះ បន្ទាប់ពីការបញ្ចប់បិទវគ្គបណ្តុះបណ្តាលវគ្គទី២នេះទៅ វគ្គទី៣និងត្រូវចាប់ផ្តើមនាថ្ងៃទី ២២កក្កដា ២០១៧ខាងមុខ។
ដោយអនុវត្តតាមគោលនយោបាយកំណែទម្រង់ក្នុងជួរកងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល និង ដោយយោងតាម ស្ថានភាព នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវ ផែនការប្រចាំឆ្នាំក្នុងការជ្រើសរើសមន្ត្រីនគរបាលថ្មី ដើម្បីបំពេញបន្ថែមនិងបន្តវេណ ក្នុងការធានាបាននូវនិរន្តរភាពនៃរដ្ឋបាលសាធារណៈដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ក៍បានបញ្ជាក់ផងដែរថា បណ្ឌិសភាពនគរបាលជាតិ គាំទ្រនូវវិធានការក្នុងការពង្រឹង លើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលគ្រប់កម្រិត ស្របតាមតម្រូវការរបស់ក្រសួង ដែលផ្តោតសំខាន់លើមន្ត្រីនគរបាលដែលមានសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ។លោក ឧត្តមសេនីយ៍ឯក ប៉ែន វិបុល ក៍បានណែនាំដល់សាលានគរបាលជាតិភូមិភាគ៤ ត្រូវខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់ ដែលមានស្រាប់ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលដោយឡែកសិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងមនុស្សទូទៅក្នុងសង្គម មានស្មារតីទទួលខុសត្រូវ ខ្ពស់លើការងារគោរពច្បាប់ដែលជាមូលដ្ឋានគ្រឹះនាំសង្គមជាតិឈានឆ្ពោះទៅរកការរីកចម្រើនទៅមុខ៕ដោយ ប៊ុន រដ្ឋា



































