កំពង់ធំៈ គោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច របស់រាជរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយ ដល់សហគមន៍ និងប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន និងជម្រុញឲ្យគ្រប់កងកម្លាំង ប្រជាពលរដ្ឋរួមគ្នា ទប់ស្កាត់ការពារឲ្យបាន ដើម្បីនាំសុខសុវត្តិភាពជូនប្រជាពលរដ្ឋដែលជាការងារសំខាន់ ប្រសាសន៍នេះ គឺត្រូវបាន លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន ថ្លែងក្នុងពិធីបំពាក់ខោអាវជូនប្រជាការពារ និងផ្សព្វផ្សាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងបរិវេណវត្តឥន្ទកុមារ នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧។
ពិធីបំពាក់ខោអាវ ដល់ប្រជាការពារភូមិ ឥន្ទកុមារចំនួន៨នាក់ ក្នុងចំណោមប្រជាការពារចំនួន១៦នាក់មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អធិការរងនគរបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំកំពង់ស្វាយ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋចំនួន៦៥នាក់ និងបានផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ជូនដល់ប្រជាពលរដ្ឋផងដែរ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ នែនាំពីតួនាទីភារកិច្ចរបស់ប្រជាការពារ និង ការពាក់ឯកសណ្ឋាន គឺមិនអនុញ្ញាតិឲ្យពាក់ឯកសណ្ឋានយោធា ដោយមានផ្លាក់សញ្ញាខេមរភូមិន្ទ នគបាល ឬកងកម្លាំងនានា មិនអនុញ្ញាតិឲ្យដាក់ប៉ុស្ត៍កាក់រថយន្ត កាឡេថង ឬបង្គាប់ឲ្យមានការបង់លុយ និងពុំមានសិទ្ធក្នុងការកសាងសំណុំរឿង ពុំមានសិទ្ធវិនិឆ្ឆ័យទោសបុគ្គលណាម្នាក់បានឡើង តែមានតួនាទីសំខាន់គឺចូលរួមសហការ និងជាសេនាធិការ ជាមួយនិងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហាន ពុំមានសិទ្ធក្នុងការចាប់បងបុគ្គលណាំលុះត្រាតែជាករណីបទល្មើសជាក់ស្តែង អាចឃាត់ ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្នុងនោះត្រូវជួយដល់ប្រជាពលរដ្ឋ ក្រើនរំលឹកពីទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជួយសម្រួលក្នុងពិធីបុណ្យ ឬពិធីមង្គល់ការផ្សេៗ តែពុំមានការកំណត់លុយសម្រាប់ការពារក្នុងពិធីបុណ្យឡើយ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ បញ្ជាក់ពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង ៩ចំនុចក្នុងនោះមាន ១/គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ២/ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។៣/ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ។៤/ គ្មានក្មេងទំនើង ។៥/ គ្មានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។៦/ គ្មានគ្រោះថ្នាក់ថរាចរណ៍ ។៧/ គ្មានគ្រោះថ្នាក់ដោយសារយុទ្ខភ័ណ្ណមិនទាន់ផ្ទុះ ។៨/ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។៩/ គ្មានការត្រួតពិនិត្យខុសច្បាប់ ដើម្បីឲ្យចូលរួមអនុវត្តទាំងអស់គ្នា ។
ដោយ ប៊ុន រដ្ឋា



































