កំពង់ធំៈ ខ្នងងផ្ទះលើកទី៣៩ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ឋជនពលីនៅខេត្តកំពង់ធំ តាមរយះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមនអតីតយុទ្ធជនខេត្ត។
នៅរសៀលថ្ងៃសៅរ៍ទី២២ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកសរសឹករងកំពង់ធំ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត បានដឹកនាំសហការីទៅប្រគល់ផ្ទះខ្នងទី៣៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តសេនីយគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ហឿន យ៉ិន អាយុ ៥១ឆ្នាំ មានកូនចំនួន៧ នាក់នៅក្នុងបន្ទុក ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា លោកស្រី ហឿន យ៉ិន បច្ចុប្បន្នរស់នៅភូមិ ឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កន្លងមកនេះក្រុមគ្រួសាររបស់លោកស្រី ពុំមានផ្ទះសម្បែងសម្រាប់ស្នាក់នៅនោះទេ ដោយសុំជ្រកកោណក្រោមផ្ទះបងប្អូន ទើបតែពេលនេះបានទទួលផ្ទះថ្មីដែលមានទំហុំ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើក្រាលក្តារ ដំបូល និងជញ្ជាំង ស័ង្កសី ដែលត្រួវចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៥.៩៦០.០០០៛ (គិតទាំងឈ្នួលជាង) ។
លោកស្រីហឿន យ៉ិន និងកូនៗរួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិឥន្ទកុមា ជាច្រើននាក់បានអបអរសាទរ និងបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងតែ យកចិត្តទុកដាក់ជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ឋជន ដែលមានជីវភាពលំបាកខ្វះខាតដូចជារូបគាត់ ។
ក្នុងឱកាសនេះនៃពិធីប្រគល់ផ្ទះនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់បន្ថែមទៀតនូវ អង្ករចំនួន២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវពីរយួរ ត្រីខកំប៉ុងមួយយួរ កន្ទេលមួយ មុងជ្រលក់ថ្នាំពីរ ថ្នាំពេទ្យមួយចំនួន និងថវិកាចំនួន ១០០.០០០ ៛ ។
នៃឳកាសចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោម ស៊ុន បានផ្តាំផ្ញើរដល់គ្រួសារអ្នកស្រី ហឿន យ៉ិន ឲ្យថែរក្សាផ្ទះសំបែង និងប្រៀនប្រដៅកូនៗឲ្យប្រព្រឹត្តទង្វើល្អ ឲ្យក្លាយជាសិស្សល្អ មនុស្សល្អ ដើម្បីឲ្យក្លាយទៅជាថ្នាក់ដឹកនាំល្អ បន្តវេន្តបំប្រើប្រទេសជាតិនាថ្ងៃអានាគត់ និងសូមឲ្យចៀវវាងឲ្យឆ្ងាយពីគ្រឿងញៀន ។
ដោយ ប៊ុន រដ្ឋា



































