អាជ្ញាធរស្រុកស្ទោងដឹកនាំមន្ត្រីគណៈកម្មការសណ្តាប់ធ្នាប់រៀបចំរំដោះទឹកចេញពីផ្លូវថ្នល់

0

កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរស្រុកស្ទោង ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរា​ចរណ៍ ផ្លូវថ្នល់ និងជាការថែរក្សាបញ្ហាអនាម័យ និងបញ្ជៀសទឹកដកនៅតាមដងផ្លូវជាតិនៅក្នុងស្រុក ស្ទោង អាជ្ញាធរបានយកគ្រឿងចក្រមកពង្រាប និងលុបបំពេញចំនុចខូចខាតនៅក្នុងទីប្រជុំជនក្នុងស្រុក នៅព្រឹកថ្ងៃទី​២៥ ខែ កក្តដា ឆ្នាំ ២០១៧។

លោក សៀង ម៉ាប់ អភិបាលរង ស្រុកស្ទោង បានដឹកនាំសហការី និងមន្រ្តីគម្មការសណ្តាប់ធ្នាប់ស្រុក នាំគ្រឿងចក្រកាយដី និងសំរាម នៅតាមចំណីផ្លូវ ដែលបង្ករឲ្យមានផលប៉ះពាល់ ខូចដល់បរិស្ថាន ហើយ និងបានបំពេញដីបន្ថែមលើចំនុចខូចខាត ដើម្បីកែសោភ័ណភាពក្នុងស្រុកឡើងវិញ ដើម្បីបញ្ជៀសបញ្ហា បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅក្នុងទីរួមស្រុក ស្ថិតនៅភូមិលាបទង_កំពង់ក្តី និងឈើទាល  ឃុំកំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សៀង ម៉ាប់ អភិបាលរង ស្រុកស្ទោង បានឲ្យដឹងថា ការរំដោះទឹកចេញផ្លូវជាតិ៦ចាស់ក្នុងទីប្រជុំស្រុកស្ទោង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សនុសិស្ស និងត្រៀមសំរាប់ពុទ្ធបរិស័ទកាន់បិណ្ឌនាពេលខាងមុខនេះ ក៏ដូចជាការឆ្លើយតបការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរជាយថាហេតុ។

លោក បានបន្តថា ទទឹមនឹងការនាំគ្រឿងចក្រមកកាយរំដោះទឹកចេញពីចិញ្ចើមថ្នល់ជាតិលេខ៦ចាស់នេះ គឺមានការចូលរួមសហការពីសំណាក់មហាជនជាច្រើន រួមទាំងបានជួយឧបត្ថម្ភគាំទ្រឲ្យមានសកម្មភាព សំអាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ពភាពស្រុក ក្នុងនោះក៏មានការឧបត្ថម្ភពីសំណាក់លោក លោក អាំង រ៉ាណេ (ជាងធុង ម៉ាស៊ីនក្រឡឹង) ដែលបានជួយឧបត្ថម្ភទឹកផ្លែឈើ១កេះ សប្បុរសជនឯទៀត ដែល ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង មានការជួយឧបត្ថម្ភជាហូហែរ ដោយសារចង់ចូលរួមអភិវឌ្ឍន៍ភូមិឃុំ ស្រុកឲ្យមានអនាម័យល្អ។

ដោយ  ប៊ុន  រដ្ឋា