តាកែវ ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក មូល វិចិត្រ អភិបាល ក្រុងដូនកែវនិងជាប្រធានកត្តិយសអនុសា ខាកាកបាទក្រហមកម្ពុជាក្រុងដូនកែវ បាននាំអំណោយសប្បុរសធម៌កាកបាទ ក្រហមកម្ពុជាខេត្តតាកែវមកជូនពលរដ្ឋក្រីក្រចំនួន៤គ្រួសាររស់នៅក្រុងដូនកែវដែលកំពុងជួបការខ្វះខាត។
អំណោយដែលបានយកទៅចែកជូននោះមាន ៖ អង្ករ២៥គីឡូ មី១កេះ មុង១ ភូយ១ កន្ទេល១និងក្រមា១ផងដែរ។ ដោយឡែក ពលរដ្ឋមួយគ្រួសារដែលត្រូវភ្លើងឆេះផ្ទះគ្មានទីជំរកក្រៅពីអំណោយទាំងនេះលោកអភិបាលក្រុងកំពុងតែរកវិធីដើម្បីសាងសង់លំនៅដ្ឋានជូនគាត់ស្នាក់នៅ។ ថ្លែងទៅកាន់ពួកគាត់នាឱកាសនោះដែរ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលលោកតែងតែគិតគូរប្រជាពលរដ្ឋជានិច្ចពិសេសទីណាមានពលរដ្ឋជួបទុក្ខលំបាកគឺមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយដោយមិនប្រកាន់បក្ខពួកព័ណ៌សម្បុរនោះឡើយ។ 

សូមបញ្ជាក់ថា ពលរដ្ឋដែលបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវនាពេលនោះមាន៖ ទី១លោកយាយ ឯក សុខុម អាយុ៥៧ឆ្នាំ ជាស្ត្រីមេមាយដោយប្តីស្លាប់ កាលពីសម័យប៉ុល ពត់ មានចៅបីនាក់ ក្នុងបន្ទុក រស់នៅភូមិព្រៃព្រំ សង្កាត់រកាក្នុង ក្រុងដូនកែវ (ត្រូវបានភ្លើងឆេះផ្ទះ)។
គ្រួសារទី២ ឈ្មោះ អែប អឿង អាយុ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ សូត្រ នី អាយុ៥២ឆ្នាំរស់នៅភូមិច្រេះ សង្កាត់រកាក្នុង ក្រុងដូនកែវ។ 
គ្រួសារទី៣ ឈ្មោះ ទូច ភឹម អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុន ច្រឹក អាយុ៥៣ឆ្នាំ រស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ។ គ្រួសារទី៤ លោកតា អ៊ួង សុទ្ធ អាយុ៨៥ឆ្នាំ និងលោកយាយ ចាន់ ពៅ អាយុ៨៣ឆ្នាំ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។
ក្រោយពីទទួលបានអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជាតាមរយៈលោក មូល វិចិត្រ អភិបាលក្រុងដូនកែវរួចមក ពួកគាត់បានសម្តែងក្តីត្រេកអរ និងបានគោរពជូនពរសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី និង សម្តេចតេជោ ហ៊ុន សែន សូមឲ្យលោកទាំងពីរមានសុខភាពល្អដើម្បីដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនបន្តទៅមុខទៀត៕



































