កំណាត់ផ្លូវជាតិលេខ២១០ ស្រុកស្អាង ខូចខាតខ្ទេចខ្ទី ដោយសារឡានដឹកថ្មរបស់ក្រុមហ៊ុនហុងហ្វុង

0

កណ្តាល៖ កំណាត់ផ្លូវជាតិលេខ២១០ ប្រវែងជា២គីឡូម៉ែត្រ ទទូលការបំផ្លាញស្ទើរតែទាំងស្រុង ដោយសារតែការដឹកជញ្ចូនថ្មរបស់ហុងហ្វុងដែលមានអាជ្ញាប័ណ្ណវាយភ្នំខ្សាកយកថ្មលក់ ។
ទីតាំងដែលកំពុងរងការខូចខាតនេះ ស្ថិតនៅឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ។
ក្រុមហ៊ុនហុងហ្វុងនេះបានធ្វើសកម្មភាពប្រើប្រាស់រថយន្តដឹកជញ្ជូនថ្មលើសតោនបំផ្លាញផ្លូវជាតិលេខ២១០បណ្តាលឲខូចខាតស្ទើរទាំងស្រុងទៅហើយតែអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮនោះទេ ខណៈអភិបាលស្រុកស្អាងលោក ញឹម វណ្ណឌិន មិននិយាយអ្វីក្រៅតែពាក្យថាប្រជុំៗ ខណៈអ្នកសារព័តមានតេទូរស័ព្ទ សម្ភាសន៏ពីបញ្ហានេះ ។
ជាក់ស្ដែង រូបភាពបានបង្ហាញឃើញថា ការដឹកជញ្ចូនថ្មនេះ ក៏ល្មើសនឹងច្បាប់ចរាចរណ៏ស្ដីពីការដឹកជញ្ចូនសារធាតុរ៉ែដែរ ដោយសារតែឡានខ្លះ មិនមានការវេចខ្ចប់អោយបានត្រឹមត្រូវនោះទេ ហើយឡានខ្លះមានការវេចខ្ចប់ដែរ តែវេចខ្ចប់មិនត្រឹមត្រូវនោះទេ ។
ពលរដ្ឋថា ពីមុនកាលមិនទាន់មានឡានដឹកថ្មដឹកតាមផ្លូវនេះ ផ្លូវនៅមានសភាពស្អាត មិនមានដីហុយ ជង្ហុកអ្វីនោះទេ តែបន្ទាប់ពីក្រសួងរ៉ែ និងថាមពល និង អាជ្ញាធរខេត្តដែលមានឯកឧត្តម ម៉ៅ ភិរុណ ជាអភិបាល អនុញ្ញាត្តិអោយក្រុមហ៊ុនហង់ហ្វុង វាយកំទេចភ្នំខ្សាកយកថ្មលក់នោះ ស្រាប់តែផ្លូវប្រែក្លាយពីឋានសួគ៍ទៅឋាននរកយ៉ាងដូច្នេះទៅ ។
គួរបញ្ចាក់ថា ៈ កន្លងទៅប្រមាណជា២ខែមកនេះ តំណាងក្រសួងរ៉ែ និងថាមពល ឯកឧត្តម ហេង ចាន់ធួន ក៏ធ្លាប់បានចុះមកព្រមាន និង ដាក់បញ្ចាអោយក្រុមហ៊ុន ជួសជុលស្ថាបនាផ្លូវដែលខូចខាត អោយបានស្អាតជាមុនសិន ចាំដឹកទៀត តែតាំងពីថ្ងៃនោះមក គេមិនដែលឃើញក្រុមហ៊ុនជួសជុលអោយបានល្អនោះ ពោលគឺគ្រាន់តែយកកំទេចថ្មមកចាក់លំៗកន្លែងក្រហូង ហើយបើកបរយ៉ាងព្រងើយ ដែលនេះជាសកម្មភាពផ្គើននឹងបញ្វារបស់ក្រសួង ។
ជុំវិញបញ្ហានេះ លោក វណ្ណា តំណាងក្រុមហ៊ុន ហុង ហ្វុង បានឆ្លើយយ៉ាងខ្លីតាមរយៈទូរស័ព្ទថា ក្រុមហ៊ុននឹងជួសជុលផ្លូវនេះមិនខាន ។
ជាទូទៅប្រជាពលរដ្ឋឲតែធ្វើដំណើឆ្លងកាត់ក្នុងទឹកដីស្អាង-កោះធំគឺពួកកេនោះតែងតែនិយាយគ្នាថានៅលើភ្នំខ្សាកនេះមានអារក្សអ្នកតាពូកែណាស់ជាពិសេសគឺប្រជាពលរដ្ឋស្រុកស្អាងនេះតែម្តងមានជំនឿរទៅលើភ្នំខ្សាកតាំងពីបូរុំបូរាណមកហើយ។
ប៉ុន្តែបច្ចុប្បន្ននេះស្រាប់តែក្រសួងរ៉ែនឹងថាមពលសំរេចផ្តល់អាជ្ញាបណ័ឲក្រុមហ៊ុនហុងហ្វុងដែលជាជនជាតិចិនឲធ្វើអាជីវកម្មវាយកំទេចយកថ្មដឹកជញ្ជូនលក់សម្រាប់ផលប្រយោជន៍របស់ក្រុមហ៊ុនយ៉ាងគឃ្លើនដោយមិនខ្វល់ពីការបាត់បង់កេរដំណែលដូនតារបស់ប្រជាពលរដ្ឋស្រុកស្អាងនោះឡើយ។មិនតែប៉ុណ្ណោះថែមទាំងក្រុមហ៊ុនហុងហ្វុងនេះបានធ្វើសកម្មភាពប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនថ្មលើសតោនបំផ្លាញផ្លូវជាតិលេខ២១០បណ្តាលឲខូចខាតស្ទើរទាំងស្រុងទៅហើយតែអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮនោះទេ។