តាកែវ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះប្រជាពលរដ្ឋប្រមាណជិត៦០គ្រួសារដែលរស់នៅក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែតនិងស្រុកបូរីជលសារ
ត្រូវបានអាជ្ញាធរស្រុកធ្វើការសួរនាំនៅ ប៉ុស្តិ៍នគរបាលឃុំ ក្នុងករណីដែលពួក គាត់បានបង់ប្រាក់ក្នុងម្នាក់២៥០ដុល្លារអាមេរិកនិងខ្លះ១៥០ដុល្លារ ទៅឲ្យក្រុមហ៊ុន ព្រូតភិចឃីង អូស្រ្តាលី ខូអិលធីឌី សម្រាប់បានទៅធ្វើការនៅ ទីក្រុងហុងកុង ប្រទេសចិន ដោយទទួល ប្រាក់ខែខ្ពស់។
ករណីនេះដែរបើតាមការឲ្យដឹងពីលោក មាស អ៊ុយ អភិបាលស្រុកកោះអណ្តែត គឺមានក្រុមហ៊ុនចំនួន២ដោយក្រុមហ៊ុនទី១ គឺក្រុមហ៊ុនព្រូតភិចឃីង អូស្រ្តាលី ខូអិលធីឌី និងទី២ គឺក្រុមហ៊ុន យូអ៊ិន មែនផៅវើរ ខូអិលធីឌី ដែលនាំពលករទៅធ្វើការនៅ ប្រទេសចិន ក្នុងទីក្រុងហុងកុង ផ្នែករោងចក្រស្បែកជើង ដោយទទួលកម្រៃ ពីចន្លោះ៩០០ដុល្លារទៅ១២០០ដុល្លារ អាមេរិកហើយថែមម៉ោងអាចដល់១៥០០ដុល្លារអាមេរិចក្នុង១ខែ។ ប៉ុន្តែក្រោយពី មានការសង្ស័យ និងការព្រួយបារម្ភចំពោះ ប្រជាពលរដ្ឋដែលរស់នៅឃុំព្រៃយុថ្កា ដែលបាន បង់ប្រាក់ហើយធ្វើការទាក់ទង ទៅខាងក្រុមហ៊ុនមិនចូល ដោយលេខទូរស័ព្ទដែលធ្លាប់ទាក់ទងក៏តេមិនចូល ម្យ៉ាងទៀតទីតាំងក្រុមហ៊ុនដែលស្ថិតនៅអាគារលេខ៦៦០បេអឺ ផ្លូវមុន្នីរ៉េត សង្កាត់ ស្ទឹមមានជ័យ រាជធានីភ្នំពេញ ក៏បានបិទទ្វារ ដោយពុំដឹងថា ទីតាំងថ្មីនៅទីណា ដូច្នោះហើយទើបអាជ្ញាធរស្រុក បានកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការបង់ប្រាក់ឲ្យក្រុមហ៊ុនព្រូតភិចឃីង អូស្រ្តាលី ខូអិលធីឌី ធ្វើការសួរនាំនិង ឆ្លើយបំភ្លឺ និងណែនាំឲ្យពួកគាត់មុននឹង សម្រេចចិត្តចំណាកស្រុក ត្រូវគិតពិចារណា ឲ្យបានច្បាស់លាស់ពីប្រវត្តិក្រុមហ៊ុននោះ ហើយថាតើមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងការងារដែរឬទេ ។
បើតាមការឲ្យដឹងពីលោកអភិបាលស្រុកកោះអណ្តែត ករណីដែលប្រជាពលរដ្ឋ នៅឃុំព្រៃយុថ្កាសម្រុកនាំគ្នាទៅចុះឈ្មោះ និងដាក់ពាក្យទៅធ្វើការនៅប្រទេសចិនក្នុងទីក្រុងហុងកុងនៅក្រុមហ៊ុនទាំងពីរខាងលើ គឺពុំមានមេខ្យល់ណាមកបញ្ចុះបញ្ជូលពួកគាត់នោះទេ គឺពួកគាត់បានស្តាប់វិទ្យុពីការធ្វើ ការងារនៅទីក្រុងហុងកុង ដោយបានប្រាក់ ខែខ្ពស់ ទើបសម្រេចចិត្តនាំគ្នាទៅដាក់ពាក្យ ធ្វើការដោយក្នុងម្នាក់ៗបង់ប្រាក់២៥០ដុល្លារ សម្រាប់អ្នកអត់លិខិតឆ្លងដែន និង១៥០ដុល្លាសម្រាប់អ្នកដែលមានលិខិត ឆ្លងដែន ហើយក្នុងនោះដែរក្រុមហ៊ុនយូអ៊ិន មែនផៅវើរ ខូអិលធីឌីគឺពុំមានបិទទ្វារ នោះដែរ ប៉ុន្តែគឺត្រូវបង់ម្នាក់៤៥០ដុល្លារ។
ដោយឡែក លោក អៀម ថៃ ប្រធានមន្ទីរព័ត៌ មានខេត្តតាកែវបន្ទាប់ពីទទួលបានដំណឹងថា មានប្រជាពលរដ្ឋបានចាញ់បោក ក្រុមហ៊ុននាំពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសតាមរយៈការផ្សាយតាមវិទ្យុនោះលោក ក៏បានធ្វើការចុះត្រួតពិនិត្យម៉ោងផ្សាយរបស់ វិទ្យុក្នុងខេត្តក្នុនោះបានណែនាំដល់អ្នកគ្រប់គ្រងវិទ្យុទាំងអស់មុននឹងធ្វើការផ្សាយម៉ោងកម្មវិធីដល់ ក្រុមហ៊ុនដែលនាំពលករទៅ ក្រៅប្រទេស ត្រូវពិនិត្យឲ្យបានច្បាស់ ពិសេសគឺច្បាប់អនុញ្ញាត ដែលចេញដោយ អាជ្ញាធរមានសមត្ថកិច្ចជៀសវាងពលរដ្ឋមានការចាញ់បោកក្រុមហ៊ុនខ្យល់មួយចំនួន ៕



































