កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូលរបស់អង្គភាព គឺបានឆ្លៀតឳកាសរៀបចំហេដ្ឋារចនាសម្ព័ន្ឋដោយបានកាយប្រឡាយប្រវែង ៣៥០ម ដើម្បីរំដោះទឹកភ្លៀង រួមទាំងបានរៀបចំកែលំអរសោភ័ពភាព តុបតែងប្រដាប់ដោយដើមឈើ នៅក្នុងទីបញ្ជាការដ្ឋានប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៧។
ឯកឧត្តម មេបញ្ជាការបានមានប្រសាសន៍ថា ដើម្បីឲ្យទីបញ្ជាការដ្ឋានមានភាពសមរម្យ ជាកន្លែងធ្វើការរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវមានអានាម័យល្អ មានសណ្តាប់ធ្នាប់ និងជាថ្នាលបណ្តុះបណ្តាល យោធិនឲ្យក្លាយជាថ្នាក់ដឹកនាំ គឺត្រូវរៀបចំឲ្យមានសោភ័ណភាព ដែលធ្វើឲ្យមានការទាក់ទាញ ចង់នៅ ចង់ចេះចង់ដឹង និងជាគំរូដល់យោធិនគ្រប់ជំនាន់ គឺត្រូវធ្វើជាគំរូល្អ ដូចជាថ្ងៃនេះជាដើមបានដាំដើមឈើ ចំនួន១៧៥ដើមក្នុងទីបញ្ជាការ ក្នុងនោះមានដើម ធ្នង់ គ្រញូង គគី បេង រំដូល និងដើមផ្ការឿងរាជ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់បន្ថែមថា ចំពោះការកាយប្រឡាយរំដោះទឹកនេះ ចេញពីទីបញ្ជាការដ្ឋាននេះ គឺដោយមានការឧបត្ថម្ភពីលោក ឆាង សារ៉ាត់ ប្រធានក្រុមហ៊ុន ដឹកដី បានផ្តល់នូវគ្រឿងចក្រ អ៊ិចស្កាវិចទ័រ ដើម្បីស្តារប្រឡាយដែលមានប្រវែង៣៥០ម និងបានថ្លែងអំណរគុណលោក ឆាង សារ៉ាត់ និងលោក លីវ ម៉េង ម្ចាស់ក្រុមហ៊ុន បានជួយស្តាប្រឡាយ និងជួយធ្វើផ្លូវដែលមាន ប្រវែង៣៥០០ម នៅក្នុងទីបញ្ជាការដ្ឋាន និងបានចូលរួមស្ថាបនា អភិវឌ្ឍន៍វិស័យការពារជាតិ ដែលជា ប្រយោជន៍របស់អង្គភាពបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាស្មារតីលះបង់ដ៏ធំធេង របស់ លោកទាំងពីរក្នុងការរួមចលនាពង្រឹងការពារជាតិ បានល្អប្រសើរ ។
ដោយឡែកមហាជន ក៏ដូចជាមន្រ្តីរាជការ កងកម្លាំង ថ្នាក់ដឹកនាំនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំយោធភូមិភាគទី៤ បានកោតសរសើរ ពេញចិត្តចំពោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថាជាថ្នាក់ដឹកនាំគំរូ ជាមេបញ្ជាការដែលមានគុណបំណាច់លើប្រទេសជាតិ ដឹកនាំល្អ ការងារសហការល្អ ការសាងសង់បន្ទាយ ការងារមនុស្សធម៌ ការងារទំនាក់ទំនងអន្តរជាតិ ជាពិសេសការងារអតីតយុទ្ធជនកម្ពុជាទទួលបានកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ទៀតផង។ដោយ ប៊ុន រដ្ឋា




































