កំពង់ចាម: អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលទឹកទន្លេមេគង្គកំពុងតែហក់ឡើងជាបន្តបន្ទាប់ ជនលិចព្រែក បឹងបួរ និងលិចលង់ភូមិស្ថានមួយចំនួន បណ្ដាលឲ្យប្រជាពលរដ្ឋយើងបាត់បង់ទីជម្រក ក្នុងនោះសត្វពស់ក៏ដូចជាសត្វអាសិរពិសដទៃទៀត ត្រូវបាត់បង់ទីជម្រករបស់វា ហើយពពួកសត្វ
អាសិរពិសទាំងនោះ ត្រូវស្វែងរកទីជម្រកថ្មីមកជំនួស ក្នុងស្ថានភាពបែបនេះវាអាចបង្កការរំខាន ឬរបួសស្នាម និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋយើងទៀតផង។ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងដើម្បីបង្ការពស់ចិកក៏ដូចជាសត្វអាសិរពិសផ្សេងៗទៀត សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់មានដូចជា៖
១-ពិនិត្យឲ្យបានត្រឹមត្រូវមុននឹងទៅកាន់ទីទួលសុវត្ថិភាព ឬក៏ធ្វើការនៅជិតគំនរអុស គំនរឈើ ឬកន្លែងដែលមានស្មៅស៊ុបទ្រប់។២-ស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង (បើមានលទ្ធភាព) នៅពេលត្រូវធ្វើដំណើរពេលយប់ ឬធ្វើការងារជិតកន្លែងដែលយើងសង្ស័យថាសត្វពស់រស់នៅ។៣-ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ គំនរអុស គំនរឈើ គំនរថ្ម រមូរកន្ទេល លើធ្នឹម។៤-បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងណែនាំកុមារមិនឲ្យលេងលើគំនរថ្ម រមូរកន្ទេល ជាដើម។
៥-ក្នុងករណីមានសមាជិកគ្រួសារ ឬអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក សូមបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុតជាបន្ទាន់ ព្រោះនៅទីនោះមានវេជ្ជបណ្ឌិតឯកទេស និងមានឱសថសម្រាប់ព្យាបាល ក្នុងនោះក៏មានលេខទូរសព្ទរបស់មន្ទីរពេទ្យបង្អែកសម្រាប់ធ្វើការទំនាក់ទំនងផងដែរ។
-មន្ទីរពេទ្យខេត្តកំពង់ចាម ០១២ ៦៨២ ៨០៨- ស្រុកស្រីសន្ធរ ០១២ ៦៨៥ ៦៤៣ -ស្រុកស្ទឹងត្រង់ ០៩២ ៣២២ ៤១៣- ស្រុកបាធាយ ០១២ ៩៦០ ២៩៥- ស្រុកជើងព្រៃ ០១២ ៧៦៥ ៥៨០- ស្រុកពៃឈរ ០១២ ៩០៣ ១៣០-ស្រុកចំការលើ ០១២ ៤០២ ៥០៥។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សង្ឃឹមលើស្មារតីយកចិត្តទុកដាក់ខ្ពស់របស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ការងារនេះឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕



































