កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានយកចិត្តទុកដាក់មកលើកម្មករចំការកៅស៊ូ ស៊ីអស៊ីខេធូ ក៏ដូចជាក្រុមហ៊ុនវិនិយោគឯកទៀត ដែលកំពុងបោះទុនវិយោគនៅក្នុងខេត្តកំពង់ធំ ឯកឧត្តម ស្នើរសុំឲ្យក្រុមហ៊ុន អនុវត្តតាមច្បាប់ការងារ របស់ក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសវាងមានការ កេងប្រវ័ញ្ចលើកម្មករ រីឯកម្មករក៏ត្រូវជួយដល់ក្រុមហ៊ុនដើម្បីឲ្យដំណើរការបានទាំងអស់គ្នា។
ជាក់ស្តែងឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត ព្រមទាំងលោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង និងលោក អៀង សុភាព ប្រធានមន្ទីរការងារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្ពុជា និងកម្មករវៀតណាម នៅក្នុងចំការកៅស៊ូស៊ីអស៊ីខេធូ កាលពីចុងសប្តាហ៍នេះ ដើម្បីសិក្សាពីគោលបំណង និងសេចក្តីត្រូវការរបស់កម្មករ និងលក្ខណការងារ របស់ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។
បន្ទាប់ពីបានសំណេះសំណាលជាមួយកម្មករជាង៣០០នាក់ ទើបដឹងពីគោលបំណងកម្មករដែលចង់បាន គឺតម្រូវឲ្យ ក្រុមហ៊ុនជួយកំឡើងតំលៃពលកម្ម ទី២ សុំឲ្យជួយឧបត្ថម្ភអង្ករ ប្រេង និងសាងសង់ផ្ទះស្នាក់នៅរបស់កម្មករ ក្នុងចំការកៅស៊ូ ដើម្បីកាត់បន្ថយការចំណាយ ក្នុងនោះក្រុមហ៊ុនចំការកៅស៊ូបានឯកភាពតាមការស្នើរសុំរបស់កម្មករ តែ ភាគគីក្រុមហ៊ុនបានសុំឲ្យកម្មករទាំងអស់ យកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការជួយការងារជួយដល់ក្រុមហ៊ុនវិញផងដែរ ។
ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍ថា អាជ្ញាធរមិនបានព្រងើយកន្តើយនោះឡើយ ពីអ្វីដែលបងប្អូនទាមទារចង់បាន ទាំងឯកឧត្តម អភិបាលខេត្ត ទាំងអាជ្ញាធរស្រុក ឃុំ គឺមានការអាណិតអាសូដល់ បងប្អូនយើងណាស់ ហើយបានខិតខំស្នើរឲ្យក្រុមហ៊ុន តំឡើងថ្លៃពលកម្ម ទាំងការស្នាក់នៅ ទាំងការថែទាំសុខភាពអានាម័យ ទាំងម៉ោងការងារ ជាពិសេសគឺក្រុមហ៊ុនបានឯកភាព ចាយលុយឲ្យថ្ងៃអាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកផ្សេងៗគុណនិងតំលៃពលកម្មប្រចាំថ្ងៃ២ដង គឺទទួលបាន២០០ភាគរយ ក្នុងមួយថ្ងៃ បើកម្មករធ្វើការងារក្នុងថ្ងៃឈប់សម្រាក់ ហើយនិងបន្ថែមប្រាក់ពិសេសទៀតបើ កម្មករធ្វើការជៀរកៅស៊ូបានលើសពីចំនួនកំណត់ ។
ក្នុងនោះឯកឧត្តម គង់ វិមាន បានផ្តាំផ្ញើរដល់កម្មករទាំងអស់ រស់នៅក្នុងភាពថ្លៃថ្នូរ កុំបង្ករអំពើហឹង្សា ចេះសាមគ្គីគ្នា កុំបង្ករអសន្តិសុខនៅក្នុងក្រុមហ៊ុន គោរពតាមគោលការណ៍ច្បាប់ ហាមមិនឲ្យមានការពាក់ព័ន្ឋនិងគ្រឿងញៀនជាដាច់ខាត ដែលវាជាអាវុធសាហាវបំផ្លាញជីវិត បំផ្លាញអានាគត់ និងត្រូវទទួលទោសតាមច្បាប់។
ដោយ ប៊ុន រដ្ឋា




































