កំពង់ធំៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា គណបក្សប្រជាជននិងបន្តដឹកនាំប្រទេសបន្តទៀត ហើយចាប់ពីថ្ងៃនេះតទៅគឺត្រូវចិញ្ចឹមកូនខ្លួនឯង ជួយកូនខ្លួនឲ្យមានសាច់ធំធាត់សិន មុននឹងគិតដល់កូនអ្នកដ៏ទៃ ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធី ដែលឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាំយកអំណោយ មកចែកជូនបងប្អូនគណបក្សប្រជាជនកម្ពុជា ដែលទទួលរងគ្រោះដោយសារទឹកជំនន់ហើយបានផ្លាស់មករស់ នៅលើទីទួលមានសុវត្តិភាព។
ប្រជាពលរដ្ឋ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៣០គ្រួសារ ដែលត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ យកចិត្តទុកដាក់ នាំមករស់នៅលើទីទួលសុវត្តិភាពបណ្តោះអាសន្ន ដោយសារទឹកជំនន់លិចភូមិលំនៅ ដោយមានការព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម សុខ លូ ជាអភិបាលខេត្ត ព្រម ទាំងឯកឧត្តម ឈុន ឈន់ រួមទាំងមន្រ្តីរាជការ ប្រធានអនុប្រធានមន្ទីរ នាំយកអំណោយមកចែកជូនដល់បងប្អូន ដែលកំពុងតែជួបនូវការខ្វះខាតខណៈមករស់នៅលើទួលសុវត្តិភាពចំនួន២៥គ្រួសារ។
ប្រជាពលរដ្ឋ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣០គ្រួសារ ត្រូវបានទទួលអំណោយពីឯកឧត្តម អភិបាលខេត្ត រួមមាន អង្ក៣០បេ ចំនួន ៣០គ.ក ឃិតចំនួន៣០កញ្ចប់ មីម៉ាម៉ា៣០កេស ត្រីខ ៣០យួរ ទឹកត្រី៣០ យួរ ទឹកស៊ីអ៊ីវ៣០យួរ ធុងចម្រោះទឹកស្អាត៣០ ធុងទឹកធំ ៣០ តង់១០ ជូនដល់សមាជិកបក្សដែលរងគ្រោះ នៅព្រឹក ថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្ងៃបោះឆ្នោតខាងមុខឆ្នាំ២០១៨ គណបក្សប្រជាជនឈ្នះឆ្នោត បន្តដឹកនាំនិងជួយបងប្អូនបាន គណបក្សប្រជាជនហ៊ានថាហ៊ានធ្វើ មិនមែនគណបក្សមួយចំនួនបានតែថាតែមិនដែលឃើញធ្វើ និងសូមបញ្ជាក់ថានេះជាអំណោយរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនតែសមាជិក បក្សប្រជាជនតែប៉ុណ្ណោះ រីឯកសមាជិកបក្សផ្សេងៗដែលឈ្នះឆ្នោតហើយបងប្អូនទៅសុំពីគេទៅ ទាំងផ្លូវថ្នល់ ទាំងការខ្វះខាតទាំងនេះ គឺចាប់ពីពេលនេះទៅគឺត្រូវយកចិត្តទុកដាក់ចិញ្ចឹមកូនខ្លួនឯងឲ្យល្អ ប្រសើជាឲ្យកូនអ្នកដ៏ទៃបៅ ៕
នៅក្នុងឳកាសនៃពិធីចែកអំណោយ ឯកឧត្តម សុខ លូ ផ្តាំផ្ញើដល់បងប្អូនទំាងអស់រស់នៅលើទីទួលសុវត្តិភាព មានការប្រុងប្រយ័ត្ន សត្វពិស និងពិសារអាហារចំណីឲ្យមានអានាម័យ ចៀសវាងកើតជម្ងឺឆ្លងតាមរយះទឹកជំនន់ ថែរក្សាកូនចៅ និងមនុស្សចាស់ កុំឲ្យមានគ្រោះថ្នាក់ គណបក្សប្រជាជននៅក្បែរបងប្អូនគ្រប់ពេលវេលា ចាំជួយគ្រប់គ្រាដែលមានអាសន្ន ។
ដោយ ប៊ុន រដ្ឋា 




































