កំពង់ចាមៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងខ្លួនប្រាណ ប្រឡាក់ទៅដោយឈាមជោក កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយសមត្ថកិច្ច បានសង្ស័យថាជាករណីឃាតកម្ម។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋ បានរាយការណ៍ថា បានប្រទះឃើញបុរសម្នាក់ដេកស្លាប់ ទាំងខ្លួនប្រាណប្រឡាក់ទៅដោយឈាមជោក ដែលជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ លាង ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថា ករណីឃាតកម្មនេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ កាប់ទៅលើជនរងគ្រោះចំកផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនបង្កបានរត់គេចខ្លួនបាត់តែម្ដង ដោយខណៈនោះដែរ សមត្ថកិច្ចបាននិងកំពុងធ្វើការសើបអង្កេតស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីតាមស្វែងរកចាប់ខ្លួនជនល្មើស ដូច្នេះសុំមិនធ្វើការអត្ថាធិប្បាយទេ។
អធិការនគរបាលស្រុកចំការលើ លោក ខេង ស្រេង បានឲ្យដឹងថា ករណីឃាតកម្មនេះ សមត្ថកិច្ចបានក្តាប់មុខសញ្ញាជនសង្ស័យបានហើយ តែបានកំពុងតាមប្រមាញ់ចាប់ខ្លួនជនល្មើស ដូច្នេះសុំមិនធ្វើការអត្ថាធិប្បាយអ្វីទេ ទោះបីជាយ៉ាងណា រហូតដល់វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃដដែលនេះ ជនបង្កមិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយទេ ៕



































