សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​បន្តចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពិការ

0

កំពង់ធំៈ នៅល្ងាច​ថ្ងៃទី​០២ខែ​សីហា​ឆ្នាំ​២០១៧ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​បន្តដំណើរទៅបំពេញ​ភារកិច្ច​នៅ​លើទឹកដី​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ដើម្បីចុះសួរសុខទុក្ខ ពលបាលឯក​ ជរ​ ចាំ​ អាយុ​៤៥ឆ្នាំ​ ដែលកន្លងមក ធ្លាប់ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨៩​ ជាអតីត​យុទ្ធ​ជន​នៅអង្គភាព​កងពល​១៩៦​ ក្នុង​វរសេនាតូច​បញ្ជូន​សារ​របស់​កងពល​  ។​

លោក ពលបាលឯក​ ជរ​ ចាំ ​ បានត្រូវ​របួស​ដោយ​សារអំបែង​គ្រាប់​DK 75នៅ​សមរភូមិ​ ស្តៅ​ ខេត្ត​បាត់ដំបង ក្នុងអំឡុងឆ្នាំ១៩៩១​ ​​បច្ចុប្បន្នរស់នៅជាមួយ​ភរិយា ​មាន​កូន​ចំនួន​បីនាក់​ កូនទី១​មាន​គ្រួសារ​ហើយ​ នៅសល់កូនពីរនាក់ទៀត រស់នៅក្នុងបន្ទុក ជ្រកក្រោមដំបូលខ្ទមស្លឹកតូចចង្អៀត​ ដែល​មានគ្នា ចំនួនបួននាក់​  បច្ចុប្បន្ន​រស់​នៅ​ភូមិ​ នាងណូយ​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ។​

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោក ពលបាលឯក​ ជរ​ ចាំ​ និង​ភរិយា​មាន​ដីស្រែ​តូច​មួយ​សម្រាប់​ធ្វើ​ស្រែ  តែ​ការ​ហូបចុក​មិន​គ្រប់គ្រាន់​ ត្រូវ​បន្ថែម​មុខ​របរ​ស៊ីឈ្នួលធ្វើជាងផ្សារដែក និងជួសជុលគ្រឿងយន្តឲ្យគេ​ តែ​បច្ចុប្បន្ន​នេះ​សុខភាព​មាន អាការៈកាន់តែធ្ងន់ធ្ងរ ពុំអាចប្រកបមុខរបរស៊ីឈ្នួលផ្សារដែកបានទៀតទេ ​​ ដោយ​សារឈឺចុកចាប់ក្នុងខ្លួនដោយអាការះរើមុខរបួសចាស់ដោយបៀមជាប់អំបែងគ្រាប់នៅក្នុងខ្លួន​ ជាពិសេស​ឈឺចាក់ដោតមកផ្នែកឆ្អឹងខ្នង​ បណ្តាលឲ្យរងទុក្ខនិងការឈឺចាប់។​

ទើបក្នុងថ្ងៃនេះ ឯកឧត្តម សោម ស៊ុន ដឹកនាំសហការីចុះមកសិក្សាជីវភាពរស់នៅរបស់ គ្រួសារអតីត​យុទ្ធជនដល់លំនៅដ្ឋាន ដើម្បីរាយការណ៍ជូនទៅថ្នាក់លើ  ក្នុង​ឱកាស​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​នេះ​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​ ៥០.០០០៛ផងដែរ​ និងបានណែ​នាំឲ្យថែរក្សា​សុខភាព ពិសារអាហាចំណីឲ្យមានការប្រុងប្រយ័ត្ន លេបថ្នាំតាមវេជ្ជបណ្ឌិតណែនាំ ចៀសវាងបង្ករ ឲ្យខូច​សុខភាពកាន់តែធ្ងន់ធ្ងរ ។