ពលរដ្ឋប្រមាណ២០០នាក់ មកពីរភូមិ លើកគ្នាទៅសាលាខេត្តសុំអាជ្ញាធរជួយអន្តរាគមន៏រឿងជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ម្នាក់ធ្វើរបងថ្ម បិទផ្លូវ មិនឱ្យ ពួកគាត់ធ្វើដំណើរ

0

ខេត្តសៀមរាប៖   ពលរដ្ឋប្រមាណជាង២០០នាក់មកពីរ ២ភូមិ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹងទៅសាលាខេត្ត និង តុលាការ ជិត១០ឆ្នាំមកហើយ ទើបលើកនេះ ពួកគាត់សម្រេចចិត្ត នាំគ្នា ទៅធ្វើការតវ៉ា នៅមុខសាលាខេត្ត ដើម្បីឱ្យលោកអភិបាលខេត្តជួយរកដំណោះស្រាយ ខណៈដែលម្ចាស់ដី គឺ លោក ជំទាវ អ៊ឹង កន្ថា ផាវី ជារដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានធ្វើរបងថ្ម បិតផ្លូវ ពួកគាត់ជាយូរឆ្នាំមកហើយ មិនឱ្យចេញចូល ព្រោះផ្លូវនោះកាលពីដើម ពួកគាត់ដើរចេញចូលធម្មតា។
ហេតុការតវ៉ានេះ បានធ្វើឡើងតាំងពីម៉ោង ៨និង៣០នាទី ព្រឹករហូតដល់ម៉ោង៣រសៀល ថ្ងៃទី២ខែសីហាឆ្នាំ២០១៧ ស្ថិតនៅភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប រឿង បិតផ្លូវនេះ មានរយៈពេលជិត១០ឆ្នាំ ។អ្នកស្រី ញ៉ែម ដារ៉ា និង អ្នកស្រី ម៉ាន់ ផល្លា ជាពលរដ្ឋរស់នៅភូមិទ្រាំង និងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ដែលបាននាំគ្នាកាន់បដា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានសរសេរជាអក្សរលើក្រដាសនោះថា លោកជំទាវ អ៊ឹង កន្ថា ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានរំលោភ យកចំណីផ្លូវសាធារណៈធ្វើផ្ទះនិងធ្វើរបងថ្ម បិតផ្លូវ មិនឱ្យពួកគាត់ចេញចូលទៀតផង។អ្នកស្រី បានរៀបរាប់បន្តថា មុនឈានដល់ពួកគាត់ហ៊ាននាំគ្នា ធ្វើការតវ៉ានេះ គឺ ពួកខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ រហូត ដល់តុលាការ តាំងពីមុនឆ្នាំ២០០៨ មក ដល់បច្ចុប្បន្នជិត១០ឆ្នាំហើយ គ្មានឃើញអាជ្ញាធរ និងមន្ត្រីជំនាញ ចេញមុខដោះស្រាយ ជូនពួកគាត់ សូម្បីមកជិតផ្លូវ សួរនាំពួកគាត់ក៏ គ្មានដែរ។អ្នកស្រីបានរៀបរាប់បន្តទៀតថា ទើបនៅព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០១៧នេះ ពួកគាត់ក៏សម្រេចចិត្តនាំគ្នាផ្តិតមេដៃយកទៅសាលាខេត្ត ដើម្បីឱ្យលោកអភិបាលខេត្តជួយដោះស្រាយ នេះជាលើកទី៣ហើយ ប៉ុន្តែខាងមន្ត្រីសាលាខេត្ត ឱ្យតំណាង ចូលតែ៦នាក់ប៉ុណ្ណោះ ហើយគេប្រាប់ថា ឱ្យពួកខ្ញុំត្រឡប់មកដីផ្លូវនោះសិនទៅ ចាំគេពិភាក្សាគ្នា ជាមួយតំណាងសិន ទើបចុះទៅមើល។កាលពីដើមឡើយមុនពេលជំទាវខាងលើមកទិញដីទីនេះ ផ្លូវមួយខ្សែនេះ ពលរដ្ឋធ្វើដំណើរទៅមកបានគ្រប់ពេល តែអំឡុងពេលឆ្នាំ២០០៨ជំទាវនោះក៏បានធ្វើរបងថ្មបិទផ្លូវម្តង តែត្រូវក្រុមពលរដ្ឋប្តឹង ហើយក៏នាំគ្នាវាយរបងនោះបំបែកចោល និងធ្វើដំណើរជាធម្មតា។ លុះឆ្នាំបន្ទាប់ជំទាវខាងលើបានធ្វើរបងថ្មបិទផ្លូវបន្តទៀត ហើយពួកគាត់បានដាក់ពាក្យប្តឹងទៅអាជ្ញាធរជាច្រើដងតែពុំមានការដោះស្រាយអ្វីទាំងអស់ ហេតុដូច្នេះទើបពួកគាត់សម្រេចលើកគ្នាទៅរកដំណោះស្រាយជាមួយអាជ្ញាធរជាថ្មី។
តំណាងពលរដ្ឋទាំងពីរភូមិក្នុងសង្កាត់ស្លក្រាម គឺលោកស្រី សារុន រដ្ឋា ដែលបានចូលទៅជួបជាមួយតំណាងលោកអភិបាលខេត្ត បានបរិយាយថា នៅព្រឹកដែលពួកគាត់លើកគ្នាទៅសុំរកដំណោះស្រាយក្នុងការបើកផ្លូវនោះវិញពីអាជ្ញាធរ ក៏ត្រូវឈ្មោះ អ៊ឹង សុ ភ័ន្ត នាយកទីចាត់ការអន្តរវិស័យ បាននិយាយមកកាន់គាត់ថា ពួកគាត់មិនអាចទៅវាយរបងថ្មរបស់គេចោលបាននោះឡើយ។ចឹងទេមានតែរង់ចាំស្នើសុំទៅម្ចាស់គេតែប៉ុណ្ណោះ។ លោកស្រីបន្តថា លោក នាយក ទីចាត់ការអន្តវិស័យនោះ និង នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីសូរិយោដី ម្នាក់ទៀត ដែលមិនបានស្គាល់ឈ្មោះលើកឡើងថា រឿងនេះចាំខាងអាជ្ញាធរសុំទៅម្ចាស់របងនោះ ប្រសិនបើគាត់យល់ព្រមនឹងរកដំណោះស្រាយ ប៉ុន្តែបើគេមិនព្រមទេ ក៏មិនដឹងត្រូវធ្វើយ៉ាងណានោះដែរ។លោកស្រីសារុន រដ្ឋា បញ្ជាក់ថា ក្នុងចម្លើយរបស់មន្ត្រីអាជ្ញាធរដែលមើលទៅហាក់មិនមានវិធានការក្នុងការបើកផ្លូវនោះវិញ ពួកគាត់រងចាំមើលត្រឹមតែពីរទៅបីថ្ងៃប៉ុណ្ណោះ នឹងបន្តដំណើរទៅក្រុងភ្នំពេញ ដើម្បីធ្វើសន្និសិទកាសែតនៅមុខផ្ទះសម្តេចតែម្តង ដើម្បីឱ្យសម្តេចបានជ្រាបអំពីហេតុការណ៏នេះផងដែរ។
ជុំវិញករណីចោទប្រកាន់ខាងលើនោះដែរ កោះសន្តិភាពមិនអាចស្វែងរកលេខទូរស័ព្ទរបស់ លោក ជំទាវ អ៊ឹង កន្ថាផាវី នោះបានទេ នៅរសៀលថ្ងៃទី២ខែសីហាឆ្នាំ២០១៧នេះ ។
ចំណែក លោកនួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់តាមទូរសព្ទ័នៅវេលាម៉ោង៤និង៥៨នាទី ថ្ងៃទី២ខែសីហាឆ្នាំ២០១៧នេះថា តាមពិតរឿងនេះគណៈកម្មការបានដឹងនិងបានកំពុងរៀបចំធ្វើការហើយ វាពុំមែនជារឿងបិទផ្លូវអ្វីនោះទេ របងនោះគឺមានតាំងពីម្ចាស់មុនមកម្លេះ។ ឯម្ចាស់ក្រោយនេះក៏ពុំមែនដាច់ខាតថា មិនបើកវិញនោះដែរ ប៉ុន្តែចង់ឲ្យមានការសិក្សាថា គួរបើកច្រកមួយណា ព្រោះចំណុចនោះអាចបើកច្រកតាមព្រំអ្នកក្បែរៗនោះបានដូចគ្នាដែរ។ ពេលនេះខាងលោក កំពុងធ្វើការសិក្សា និងសុំសម្រួលពីម្ចាស់ គេសិន ដើម្បីឈានទៅរកការបើកផ្លូវវិញ ឯលទ្ធផលនោះ គឺរង់ចាំសម្រេចពីថ្នាក់ដឹកនាំខេត្ត ប៉ុន្តែទោះយ៉ាងណា ក៏ត្រូវតែបើកឱ្យធ្វើចរាចរណ៏វិញដែរ គ្រាន់តែមិនទាន់កំណត់ថ្ងៃច្បាប់លាស់៕ដោយ ច័ន្ទ រស្មី