កំពង់ចាម: ពីធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារជួសជុល១ខ្នង និងរំលឹកខួបលើកទី៦០ឆ្នាំ នៃការបង្កើត វិទ្យាល័យ ជីហែ ត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ សមាគមន៍ជនជាតិហូឡង់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកផេន សុផល អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានឡើងអានរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រវត្តិវិទ្យាល័យជីហែ និងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក។
ក្នុងនាមសេចក្ដីស្រលាញ់ និងចង់ឃើញស្នាមញញឹម នៃយុវជនកម្ពុជា តំណាងអង្គការ Global Exploration បានឡើងមានមតិសំដែងការគួរសម និងការប្រគល់សៀវភៅកំណត់ត្រា ការងាររយៈពេល១០ឆ្នាំកន្លងមក ដែលបានជួយកសាងសាលារៀនជាច្រើនខ្នង ក្នុងស្រុកកោះសូទិន។
បន្ទាប់មក ឯកឧត្ដមគួច ចំរើន បានឡើងមានមតិសំណេះសំណាល ដោយបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីជាទឹកទន្លេមេគង្គស្រក់ចុះបន្តិចក្តី ព្រោះក្នុងរដូវទឹកឡើងកន្លងមកនេះ មានមនុស្សចាស់ និងក្មេងចំនួន១០នាក់ហើយ ដែលបានលង់ទឹកស្លាប់ ដូច្នេះហើយកុំឲ្យកុមារតូចៗចុះលេងទឹក ដែលអាចនាំឲ្យមានការលង់ទឹកស្លាប់បាត់បង់ជីវិត។
ក្នុងនោះឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានឡើងមានមតិសំណេះសំណាល ដោយធ្វើការផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្ស ឲ្យខិតក្នុងការសិក្សារៀនសូត្រ ព្រោះសង្គមកម្ពុជាយើងបច្ចុប្បន្ន ត្រូវការចំណេះដឹងធនធានខ្ពស់ ដើម្បីចូលរួមក្នុងការអនុវត្តន៍សង្គមជាតិ ៕




































