(កំពង់ធំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីអបអរសាទរ និងរំលឹកគុណ បុព្វបុរសខ្មែរ ដែលបានកសាងតំបន់ប្រាងប្រាសាទសំបូរព្រៃគុក ដែលមានសរុប២៩៣ប្រាសាទ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានថ្នាក់ដឹកនាំអ្នកមុខអ្នកការជាន់ខ្ពស់ បានអញ្ជើញចូលរួម បន់ស្រន់បួងសួងសុំសេចក្តីសុខ សេចក្តីចំរើន មានដល់ប្រជាជនខ្មែរទូទាំងប្រទេស ។
ពិធីបន់ស្រន់បួងសួងរំលឹកគុណដល់បុព្វបុរសខ្មែរ គឺត្រូវបានប្រារព្វធ្វើឡើង ចំនួន២ថ្ងៃ ដោយចាប់ពីរសៀលថ្ងៃទី ៦ និងព្រឹកថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុគ ស្ថិតនៅក្នុងភូមិ សំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលនៅចម្ងាយពីទីរួមខេត្តកំពង់ធំ ប្រមាណ២៨គ.ម តំបន់ប្រាសាទសំបូរព្រៃគុគ ស្ថិតនៅលើកំណាត់ផ្លូវ ផ្លូវកៅស៊ូ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ លាតសន្ធឹងពីផ្លូវបំបែកព្រះវិហារ ឆ្ពោះទៅស្រុកសណ្តាន់ ខេត្តកំពង់ធំ គួររម្លឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅចំកណ្ដាល ប្រទេសកម្ពុជា ។
នៅរសៀលថ្ងៃទី៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានអញ្ជើញអុជធូបបន់ស្រន់សុំសេចក្តីសុខនៅប្រាសាទជ្រៃ គឺជាប្រាសាទដែលមានលក្ខណៈស្រស់ស្អាត ហំព័ទ្ធទៅដោយឬសជ្រៃគ្របដណ្តប់ ដោយធម្មជាតិ ជាភាពនៃការទាក់ទាញឲ្យចង់គយគន់ទស្សនា បន្ទាប់ពីសម្តេចបានអញ្ជើញអុចធូបបន់ស្រន់នៅប្រាសាទក្រុងឥសី ដែលជាប្រាសាទធ្វើអំពីថ្មសុទ្ធ ទាំងផ្ទះមានពណ៌មាស ដែលប្រជាពលរដ្ឋ ខ្មែរដែលធ្វើដំណើរឆ្លងកាត់ ចូលអុចធូបបន់ស្រន់សុំសេចក្តីសុខទាំងទៅទាំងមក និងឲ្យប្រកប ការងារ កសិកម្មដាំដុះល្អបរិបូរណ៍ ក្រោយមកសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានអញ្ជើញអុចធូបបន់ស្រន់ នៅប្រាសាទសំបូរដែលជាប្រាសាទតំណា្ងឈ្មោះទីតាំង នៃពិធីមានលក្ខណៈស្រស់ស្អាតដែល មានភាពទាក់ទាញ បានបន់ស្រន់បួងសួងសុំសេចក្តីសុខ ។
ប្រជាបលរដ្ឋរាប់ម៉ឺននាក់ បានអញ្ជើញចូលរួមអបអរសាទរ ទទួលស្វាគមន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តំណាងប្រមុខរាជរដ្ឋាភិបាល រួមទាំងគណៈប្រតិភូ អ្នកមុខអ្នកការមន្រ្តីរាជការក្នុងខេត្ត និងក្រៅខេត្ត នៅប្រាសាទតោ ប្រជាពលរដ្ឋជាច្រើន រួមទាំងលោកតា លោកយាយ មកពីបណ្តាខេត្តនានា បាននាំយកមកជាមួយផ្កាភ្ញីមករួមបន់ស្រន់សុំសេរីសួរស្តី ពីម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខ ស្រប ពេលដែល តំបន់ប្រាសាទសំបូរព្រៃគុគ ដែលជាស្នាដៃបុព្វបុរសខ្មែរបានកសាងទុកពីដូនតា និងត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់ស្នើសុំឲ្យអង្គការយូណេស្កូ បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិ កភណ្ឌពិភពលោក នៅថ្ងៃទី ៨ ខែកក្តដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេស ប៉ូឡូញ និងត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ប្រារព្វពីនៅទីតាំងតំបន់ប្រាសាទសំបូរព្រៃគុគផ្ទាល់ នៅថ្ងៃទី៦ និងទី ៧ ខែសីហា ឆ្នាំ ២០១៧នេះ ដើម្បីរំលឹកដឹងគុណបុព្វបុរសខ្មែរសម័យមុខ បានបន្សល់ទុកជូនដល់មនុស្សសម័យក្រោយ។
លុះព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៧ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអុជធូនបន់ស្រន់ ក្នុងពិធីបួងសួង នៅប្រាសាទយាយព័ន្ឋ ដែលពិធីនេះត្រូវបានចាប់ផ្តើមប្រារព្វនៅវេលាម៉ោង៧ ព្រឹក មាន ការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងនោះគេសង្កេតឃើញមាន ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការ ប្រធានអនុប្រធាន កងកម្លាំងទាំង៣ប្រភេទ រួមទាំងសិស្សានុសិស្ស លោកតា លោកយាយ និងប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមអបអរសាទរ ប្រកប ដោយទង់ជាតិកម្ពុជា រួមជាមួយនឹងទង់អង្គការយូណេស្កូ បានបករវិចៗ បន្ទរដោយការប្រកុំតន្រ្តីលាន់រំពង ដើម្បីបញ្ជាក់ពីការពេញចិត្ត នឹងសេចក្តីរីករាយ ក្នុងនាមជាម្ចាស់ផ្ទះ ។
ប្រជាពលរដ្ឋ ទាំងសិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ បានសម្តែងនូវក្តីរំភើបឥតឧបមា ដោយក្នុងនាម ជាកូនខ្មែរ គាត់បានបង្ហាញនូវភាព ទឹកចិត្តសប្បាយរីករាយ និងត្រេតអរ ក្នុងនោះក៏បានថ្លែងអំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ ដឹកនាំជាច្រើនរូប ដែលបានលះបង់ទាំងកំលាំងចិត្ត កំលាំងកាយ រួមទាំងពេលវេលា និងសេចក្តីសុខ គ្រួសារ ដើម្បីបំពេញបន្ថែមសេចក្តីសុខរបស់ប្រជាជាតិខ្មែរ ឲ្យប្រជាពលរដ្ឋខ្មែរបានទទួលបាននូវជីវភាព ល្អប្រសើរពីវិស័យទេសចរណ៍ ដើម្បីឲ្យអន្តជាតិបានស្គាល់ពីតំលៃទេសចរណ៍នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់ បានអគុណចំពោះថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានរៀបចំ សម្រួសដល់ការទេសចរណ៍ ក៏ដូចជាការចូលរួមក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ នៅតំបន់ប្រាសាទសំបូរព្រៃគុគ។
តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា និងមជ្ឈិមបូព៌ា ដែលមានសរសេរទាក់ទងនឹងអាណាចក្រចេនឡា ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលមានវិសាលភាព ធំធេងណាស់។ក្រោយពេលទទួលបានឯករាជ្យពីអាណាចក្រភ្នំ ព្រះបាទភវវរ្ម័នទី១ ដែលព្រះបិតុលារបស់ព្រះបាទឥសានវរ្ម័នទី១ និងព្រះបាទមហិន្ទ្រវរ្ម័នទី១ ដែលជាព្រះបិតារបស់ព្រះបាទឥសានវរ្ម័នទី១ បានតាំងរាជធានីថ្មីនៅសេដ្ឋបុរៈ គឺមានទីតាំងនៅតាមបណ្ដោយ ដងទន្លេមេគង្គ ប៉ុន្តែព្រះបាទឥសានវរ្ម័នទី២ ក្រោយស្នងរាជ្យបន្តពីព្រះបិតាហើយ ព្រះអង្គមិនបានសោយរាជ្រនៅសេដ្ឋបុរៈឡើយ ដោយទ្រង់បានប្ដូររាជធានីមកឥសានបុរៈវិញ ដែលមានទីតាំងតាមបណ្ដោយដងស្ទឹងសែន តភ្ជាប់មកបឹងទន្លេសាប គឺតំបន់ប្រាសាទ សំបូរព្រៃគុកនេះឯង។
សម្រាប់ ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានរូបរាង៣ប្រភេទ រួមមាន៖ រាងចតុកោណបួនជ្រុងស្មើចតុកោណ បួនជ្រុងទ្រវែង និងអដ្ឋកោណប្រាំបីជ្រុងស្មើ ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិត មានក្បូរក្បាច់រចនាលម្អលើ ជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗ សម្រាប់បូជាចំពោះអាទិទេពហិណ្ឌូនិយម។
ក្នុងរាជធានីនាសម័យនោះ មានប្រជារាស្រ្តរស់នៅជាច្រើនលាននាក់ និងមានប្រជារាស្រ្តរស់នៅ ក្រៅរាជធានីទៀត ដោយពួកគេបានជីកព្រែកជីកមួយ ដើម្បីបញ្ជៀសទឹកជំនន់កុំឲ្យជន់លិចរាជធានី ក្នុងរាជធានីមានស្រះទឹកតូចធំសម្រាប់ ប្រើប្រាស់រួមគ្នា សម័យក្រោយបន្តិច ក៏មានផ្លូវបុរាណមួយដែលតភ្ជាប់ពីតំបន់ប្រាសាទព្រៃគុក ទៅតំបន់អង្គរវត្ត រាជធានីដ៏ធំរបស់ខ្មែរ ក្រោយសម័យចេនឡា ក្រៅពីនេះមានការងារជាច្រើនទៀត ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ និងបន្តស្រាវជ្រាវ និងអភិរក្សផងដែរ។
ដោយ ខេង ឧត្តម





































