សៀមរាប = នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី២៩ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ផ្ទះនេះមានទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារប្អូនប្រុស មឿន ម៉ៅ អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ហូ ឆយ អាយុ៣៣ឆ្នាំ ជាគ្រួសារទីទ័លក្រខ្លាំង មានជម្ងឺប្រចាំកាយ និងមានកូនស្រីម្នាក់ អាយុ២ឆ្នាំ បច្ចុប្បន្នដើរស៊ីឈ្លួលគេ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិត្រាច ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានមានប្រសាសន៍ ថាខ្ញុំសូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅ និងសូមកុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួនទោះបីគ្រួសារប្អូនទាំងពីរមានភាពក្រីក្រក៏ពិតមែន ក៏
សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារប្អូនទាំងពីរឡើយ យើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ក្នុងនោះដែរលោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀងផ្គរន្ទះ ខ្យល់កន្ទ្រាក់ ប្រសិនបើមានការលិចលងត្រូវរត់ទៅរកទីទួលសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រានក្នុងមុង និង ថែទាំកូនតូចៗ និងចាស់ជរា នៅពេលមានជំងឺត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រ ក្រៅពីការធ្វើស្រែ ចំការ ត្រូវធ្វើការដាំដុះដំណាំរួមផ្សំ ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារផងដែរ ។
ក្នុងនោះដែរក្រៅពីអំណោយផ្ទះ មួយខ្នង ក៏មានអំណោយផ្សេងទៀត រួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន៕ប៊ុនរិទ្ធី




































