កំពង់ធំៈ ឯកឧត្តម ឧត្តមសេនិយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំបាននាំយកស្បៀងអាហារ និងថវិកា មកឧបត្ថម្ភជូនដល់ គ្រួសារយោធិន ១១ គ្រួសារដែលជួប ការលំបាកខ្វះខាត នៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពិធីនេះត្រូវបានចូលរួមពីលោក ឧត្តមសេនិយ៍ត្រី សោម ស៊ុន ជាអធិបតី និងសហការីចូលរួម នៅល្ងាចថ្ងៃទី១១ខែសីហា ឆ្នាំ ២០១៧។
ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនិយ៍ត្រី សោម ស៊ុន មកលើគ្រួសារយោធិន ដែលរស់នៅក្នុងបន្ទុកស្វាមី ហើយគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅសមរម្យ ដោយបច្ចុប្បន្នរស់នៅ ក្នុងអគារដែលតំបន់ប្រតិបត្តិការសឹកបានផ្តល់ជូនពួកគាត់ស្នាក់នៅបណ្តោះអាសន្ននៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយយល់ឃើញពីទុក្ខលំបាក់របស់គ្រួសារយោធិន ដែលកំពុងស្នាក់នៅក្នុងបន្ទាយជាមួយស្វាម៉ី ហើយគ្មានមុខរបរអ្វីដោយពឹងផ្អែកទាំង ស្រុងលើស្វាមី និងកំពុងតែជួបនូវភាពខ្វះខាត ទើប បាននាំយកស្បៀងអាហារ និងថវិកា មកឧបត្ថម្ភ ជួយ ដល់គ្រួសារយោធិន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាមមីម៉ាម៉ាមួយកេស ឃីដមួយកញ្ចប់ក្នុងនោះមានទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប និងថវិកាចំនួន ២០.០០០ ៛ ។
ឯកឧត្តម មឧត្ដមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បងប្អូនក្រុមគ្រួសារយោធិនយើងដែលរស់នៅក្នុងបន្ទាយត្រូវយកចិត្តទុកដាក់ ជួយថែរក្សារាល់ទ្រព្យសម្បត្តិសមូហភាពទាំងអស់នៅក្នុងបន្ទាយ ត្រូវយកចិត្តទុកដាក់បង្ករបង្កើនផងដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពប្រចាំថ្ងៃ គួបផ្សំនិងគោលរបបប្តី ដែលថ្នាក់លើបានផ្ដល់ឲ្យ និងត្រូវរក្សាការសាមគ្គីភាពផ្ទៃក្នុងគ្រួសារ អ្នកដែលរស់នៅជាមួយគ្នា ហើយត្រូវឲ្យកូនៗបានទៅរៀនសូត្រគ្រប់ៗគ្នា និងត្រូវចេះធ្វើអនាម័យ ថែរក្សាសុខភាពក្នុងក្រុមគ្រួសារ ។
ក្នុងឳលាស នៃការចុះសួរសុខទុក្ខ សំណេះសំណាលផ្សារភ្ជាប់ មនោសញ្ចេតនាជ្រាលជ្រៅជាមួយក្រុមគ្រួសារយោធិនដែលជួបការលំបាកខ្វះខាតនេះ គ្រួសារយោធិន បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ។
ដោយ ប៊ុន រដ្ឋា




































