ប្រជាពលរដ្ឋសំនូមពរឲ្យមន្រ្តីរដ្ឋបាលជលផលស្រុកស្ទោងជួយមើលបទល្មើសនេសាទ

0

កំពង់ធំះ ខណៈពេលដែលរាជរដ្ឋាភិបាល បានកំណត់ពេលវេលាសម្រាប់រដូវត្រីពងកូន ដោយមានមិន​អោយមានការនេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងរដូវបិទនេសាទ តែផ្ទុយទៅវិញគឺស្រុកស្ទោងពុំបាន អនុវត្តតាមច្បាប់រដ្ឋបាលជលផលនោះទេ តែបែជាមានការខខ្វះចន្លោះបណ្តែតបណ្តោយឲ្យមានការ នេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទដែលត្រូវបានហាមឃាត់។

ជាក់ស្តែងបទល្មើសនេសាទត្រូវបានប្រទះឃើញមានការប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ពាស​ពេញផ្ទៃទឹក ក្នុងនោះមានរបាំងស្បៃមុង សាច់ក្រហម លបណររ៉ាវ ដាក់ដៃ ក្រហមពេលផ្ទៃទឹកនៅ​ព្រឹក​ថ្ងៃទី១២ខែសីហាឆ្នាំ២០១៧ នៅចំណុចអូរាំងនិងខាងលើ ចំណុចហាលប្រានិងហាលព្រួលស្ថិតនៅឃុំអន្សាក្រងស្រុកស្ទោងខេត្តកំពង់ធំ តែបទល្មើសនេសាទទាំងនេះ ពុំត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលចុះ​បង្រ្កាបនោះទេ ដែលធ្វើឲ្យមានការសង្ស័យថា ប្រហែលជាមានមន្រ្តីខ្លះមានការពាក់ព័ន្ឋនិងបទល្មើស។

ប្រជានេសាទបានត្អូញត្អែរថា សម្រាប់ក្រុមគ្រួសារអ្នកដែលគ្មានធនធាន ពុំមានលទ្ធភាពក្នុងការរត់ការសុំ ដាក់ឧបករណ៍នេសាទ ដែលត្រូវបានហាមឃាត់នោះទេ តែសម្រាប់អ្នកដែលមានលុយ គឺគេមិនខ្វល់រឿង រដូវបិទនេសាទ ឬរដូវបើកនោះទេ គឺធ្វើយ៉ាងណាគៀងគរមន្រ្តីរដ្ឋបាលជលផល ដែលមានអំណាចក្នុង​ការគ្រប់គ្រងនៅក្នុងមូលដ្ឋាន ឲ្យក្លាយជាមិត្ត ក្លាយជាក្លើ ក្លាយជាសម្លាញ់  និងប្រើប្រាស់ថវិកាសម្រាប់​ទិញទឹកចិត្ត និងតួនាទីភារកិច្ច ឲ្យមន្រ្តីទាំងនោះអសកម្មក្នុងការងារ ជាប់ត្រគៀក បោះបង់ក្នុងការបង្រ្កាប បទល្មើសនេសាទ ទើបបានជាច្បាប់ពុំមានប្រសិទ្ធិភាព ក្នុងការអនុវត្តបង្រ្កាប ធ្វើឲ្យបទល្មើសនេសាទរីក រាលដាលដូចផ្សិតពេញផ្ទៃទឹក។

ពាក់ព័ន្ឋនឹងការចោទប្រកាន់ថា សមត្ថកិច្ចរដ្ឋបាលជលផលស្រុកស្ទោង ពុំមានយកតួនាទីរបស់ខ្លួនមក អនុវត្តច្បាប់នេះ មន្រ្តីរដ្ឋបាលជលផលបាន បញ្ជាក់ថា បញ្ហាបទល្មើសនេសាទគឺត្រូវបានធ្វើជាប្រចាំ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់សហគមន៍ ប្រជាពលរដ្ឋ អំពីការប្រើប្រាស់​ឧបករណ៍ខុសច្បាប់ និងទោសកំហុសនៃការប្រព្រឹត្តផ្ទុយពីច្បាប់ តែប្រជាពលរដ្ឋហាក់បីដូចជាពុំមានការ ចាប់អារម្មណ៍និងការផ្សព្វផ្សាយនោះទេ គឺពួកគាត់បាននាំគ្នាឆ្លៀតឳកាសដាក់បទល្មើស នៅពេលដឹង​ដំណឹងថា មានសមត្ថកិច្ចចុះត្រួតពិនិត្យបទល្មើសពួកគាត់នាំពន្លិចចូលទៅក្នុងទឹក អ្នកខ្លាះបានសារទុក នៅពេលសមត្ថកិច្ចឡើងគោកមិនទាន់ដល់ច្រាំងផង បទល្មើសពេញដដែល និយាយរួមគឺប្រៀបបាននឹង វែកចក ធ្វើខ្លាំងវាប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ បើមិនធ្វើគឺបទល្មើសពេញផ្ទៃទឹក ដោយប្រជាពលរដ្ឋ កាត់បាននិយាយថា ស្រែរបស់គាត់នៅនឹងទឹក ខែវស្សាស្រែនៅនឹងទឹក ដល់ខែប្រាំងស្រែនៅនឹងដី ។

ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរ ឲ្យសមត្ថកិច្ចខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ មេត្តាជួយចាត់​វិធានការចុះបង្រ្កាបខ្លះផង ដើម្បីរួមគ្នាទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បី​រក្សា​​ពេលវេលាឲ្យមឆ្ឆាជាតិពងកូន បើពុំដូច្នោះទេមឆ្ឆាជាតិនិងត្រូវរលាយជាមិនខានឡើយ ។

ដោយ  ប៊ុន  រដ្ឋា