កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ជំទាវ បានដឹកនាំសហការី ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ ចំនួន៥គ្រួសារ ដែលកំពុងតែជួបនូវការលំបាក និងបានផ្តល់នូវអំណោយជាស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន នៅព្រឹកថ្ងៃអាទិត្យទី ១៣ ខែ សីហា ឆ្នាំ ២០១៧ ។
សកម្មភាពមនុស្សធម៌ ជាមួយនិងគ្រួសារអតីតយុទ្ធជន និង គ្រួសារប្រជាពលរដ្ឋក្រីក្រ ត្រូវបានគេសង្កេតឃើញ សកម្មភាពយ៉ាងមមាញឹករបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង រួមទាំងសហការី បានបន្តចុះសួរសុខទុក្ខ ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវភាព ខ្វះខាត ក៏ដូចជាការផ្សារភ្ជាប់នូវមនោសញ្ជេតនា រវាងកងកម្លាំង និងប្រជាពលរដ្ឋ ឲ្យមានភាពជិតស្និទ្ធ កាន់តែប្រសើរឡើង ។
អំណោយដែលត្រូវបានប្រគល់ជូនដល់គ្រួសារ ប្រជាពលរដ្ឋក្រីក្រ នៅភូមិត្នោត និង ភូមិកំញ៉ាត ឃុំ ទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ សរុបចំនួន ៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥ គីឡូក្រាម មីម៉ាម៉ា មួយកេស និងថវិកាចំនួន ៤០.០០០រៀល ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់ បងប្អូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋទាំង៥ គ្រួសារ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា រួមទាំង ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងលោក ជំទាវ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទីណាមានគ្រួសារអតីតយុទ្ធជន និងប្រជា ពលរដ្ឋជួបការលំបាក គឺមានសមាគមអតីតយុទ្ធជន ចុះជួយបានទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋមាន ក្តីសង្ឃឹមនិងជឿទុកចិត្តចំពោះការយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា អំណោយទាំងនេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលទុកសម្រាប់ជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទីទាល់ក្រ ដែលសម្តេចមិនបានព្រងើយកន្តើយនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋឡើយ ថែមទាំងបានណែនាំចង្អុល បង្ហាញឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះសិក្សាពីជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ផ្ទាល់ ដើម្បីជួយឲ្យបានទាន់ពេលវេលា ហើយក៏មិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាស្លាប់ដោយមិនបានដឹងពីអាជ្ញាធរឡើយ ។
ដោយ ប៊ុន រដ្ឋា



































