កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋទីទាល់ក្រ ដែលកំពុងជួបការលំបាក បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដល់លំនៅដ្ឋានផ្ទាល់ ដែលមានចំនួនសរុប ២១គ្រួសារ នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ចំនួន ០៨គ្រួសារ និងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ចំនួន ១៣គ្រួសារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧។
មតិមហាជនទូទៅបាន កោតសរសើរចំពោះឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បានលះបងកំលាំងចិត្ត កំលាំងកាយ រួមទាំងពេលវេលាផ្ទាល់ខ្លួន ឆ្លៀតធ្វើការងារសង្គម ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលជួបការលំបាក ជាកស្តែងក្នុងថ្ងៃនេះផងដែរ ឯកឧត្តម ផ្តល់អំណោយ ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២បេ (៥០kg) មី ២កេស ទឹកសុទ្ធ ៤យួរ ធុងចម្រោះ ០១ និងថវិកាមួយចំនួន ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។
នៅក្នុងឳកាសនៃពិធីចុះសួរសុខទុក្ខ ឯកឧត្តម បានផ្តាំផ្ញើរ ឲ្យបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវភ្លៀងធ្លាក់អាចនិងមានផ្គររន្ទះ ត្រូវរកទីជម្រកសុវត្តិភាព ជាពិសេសចំពោះកូនក្មេង និងមនុស្សចាស់ សត្វពាហនះ អាចនិងអន្តរាយបាន ក្នុងនោះត្រូវថែរក្សាសុខភាព ទាំងការរស់នៅ ទាំងការហូបចុកសូមឲ្យមាន អានាម័យ ដើម្បីសុខភាពល្អ ចៀសវាងឆ្លងជំងឺតាមទឹកជំនន់ ចំណែកអំណោយដែលបានចែកជូនក្នុងថ្ងៃនេះ គឺជាការជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយគ្រា សូមឲ្យបងប្អូនខិតខំបង្ករបង្កើនផលដាំដំណាំបន្លែបង្ការដើម្បីរកចំណូលធ្វើឲ្យជីវភាគល្អប្រសើរ។
ប្រជាពលរដ្ឋ ដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបក្នុងចិត្ត ដែលបានទទួលអំណោយពី ឯកឧត្តម អភិបាលខេត្តចុះមកផ្ទាល់ ដោយមិនប្រកាន់ឬរើសរអើងចំពោះប្រជាពរដ្ឋ ជាពិសេសនោះ កន្លងមក ពួកគាត់ពុំដែលបានទទួលអំណោយពីគណបក្សខាងណានោះឡើយ គឺមានតែគណបក្ស ប្រជាជនតែមួយគត់ ដែលបាននាំយកអំណោយមកចែកជូនដល់កាំជណ្តើររបស់ពួកគាត់ ធ្វើឲ្យពួកគាត់ មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងនេះបានឡើយ ។
ដោយ ប៊ុន រដ្ឋា



































