ព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់រថយន្ត៤៧០ដឹកគ្រញូងបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

0

ខេត្តកំពង់ធំៈ  ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបណ្តាលឲ្យមានមនុស្សស្លាប់នៅហ្នឹងកន្លែងម្នាក់ និងរបួស​ធ្ងន់​ម្នាក់ ដោយសាររថយន្តម៉ាក៤៧០ មួយគ្រឿងបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យអូសម៉ូតូ៣០០ម៉ែត្រពី​កន្លែងកើតហេតុ ទើបតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ដោយសារមានរថយន្តមកបណ្តោះ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថាមានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ លោក​បានចុះទៅកន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ  ដើម្បីពិនិត្យអត្តសញ្ញាណនៅក្នុងរថយន្ត ក្នុងការរួបរួមភស្តុតាងរបស់​ជន បង្ករនៅកន្លែងកើតហេតុ ក្នុងនោះលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋាន​ឃ្លាំមើលរថយន្តបណ្តោះតៃកុងឡានដែលបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកដ៏ទៃ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាក់ថា រថយន្តដែលបង្ករជាប្រភេទ រថយន្តម៉ាក៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូងពេញក្នុងឡាន ក្នុងរថយន្តបាន ពិនិត្យឃើញថា តៃកុងឡាន​មានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀន គឺបើកបណ្តើរ ប្រើប្រាស់​គ្រឿង​​ញៀនបណ្តើរ ដោយមានវត្ថុតាង នៅក្នុងរថយន្ត ករណីគ្រោះថ្នាក់​ចរា​ចរណ៍នេះ គឺត្រូវបានកើត​ឡើង​មុននេះបន្តិច វេលាម៉ោង ៨.៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយ​ផ្លូវ​អាស៊ាន វាងក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថា រថយន្តដឹកឈើគ្រញូងនេះ បើកបុកម៉ូតូអូសប្រមាណ៣០០ម៉ែត្រ រហូតទៅមុខលែងរួច ទើបបានចុះរត់ ហើយមានឡានមកដឹកបណ្តោះយកតៃកុងឡានទៅបាត់ ចំណែក​ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ រីឯសាកសពត្រូវបាន ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែរថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំមករក្សាទុកនៅកន្លែងសុវត្តិភាព គឺរដ្ឋបាលព្រៃឈើ ហើយថ្ងៃស្អែករុះរើឈើហើយ ទើបបានប្រគល់ឲ្យខាង ប៉ូលិសចរាចរណ៍វិញ   ។ ​ដោយ  ប៊ុន  រដ្ឋា