កំពង់ធំៈ គ្រួសារលោកយាយ លោកតា ដែលជាជនពិការភ្នែកទាំងពីរ រស់នៅសែនវេទនា បានដង្ហោយហៅរកសម្បុរសជនជិតឆ្ងាយ ដែលមានចិត្តបុណ្យជួយសង្រ្គោះដល់គ្រួសារលោកយាយ ទើបទើបថ្ងៃនៅល្ងាចថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីនាំយកអំណោយ មកចែកជូន ស្ថិតនៅភូមិ គិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ព្រមទាំងលោក ញ៉ែម សុផា ជំនួយការក្រុមការងារគណបក្សប្រជាជន ខ.១២ អញ្ជើញចុះសាកសួរសុខទុក្ខ លោកយាយ-លោកតាចាស់ជរា ចំនួនគ្រួសារទី១ទៀត គឺ លោកតា រស់ យាន អាយុ ៩១ឆ្នំា ត្រចៀកថ្លង់មិនអាចស្តាប់អ្វីឮបាន និងលោកយាយ ឯម ស៊ីម អាយុ៨៦ ឆ្នំា ពិការភ្នែកទាំងសងខាង ជាភរិយា ដែលកំពុងតែជួបនូវការលំបាក គួរអោយអាណិតអាសូរណាស់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា លោកយាយគាត់បានពិការភ្នែកដោយសារ ឡើងបាយភ្នែក ជាង១០ឆ្នាំហើយ កាលមិនទាន់ឈឺគាត់ដើរស៊ីឈ្នួលដកស្ទូងឲ្យគេ បន្ទាប់ពីធ្លាក់ខ្លួនឈឺ មកមើលអ្វីពុំឃើញនោះឡើយ ក្នុងជីវិតចុងក្រោយលោកយាយ គឺងងឹតសូន្យឈឹង ពុំដឹងថាយប់ឬថ្ងៃនោះទេ ចំណែកលោកតា ក៏ត្រូវបានព្រហ្មលិខិត កំណត់អោយថ្លង់ស្តាប់អ្វីពុំលឺនោះទេ ដោយហេតុផលទាំងនេះ ធ្វើឲ្យមានការអាណិតអាសូជាខ្លាំង ពីសំណាក់ឯកឧត្តម និងប្រជាពលរដ្ឋ ដែលរស់នៅជិតខាង តែជាភ័ព្វសំណាងសម្រាប់លោយាយលោកតាដែលមានព្រះជន្មាយុវែងរហូតជិត១០០ឆ្នាំ ឬជាទណ្ឌកម្មនៃព្រហ្មលិខិត ដែលបណ្ដាលឲ្យគាត់ក្លាយជាជនពិការទាំងពីរនាក់ នៅពេលចាស់ជរា ។
ក្នុងឳកាសនេះការចុះសួរសុខទុកគ្រួសារលោកយាយ ឯកឧត្តម ឧត្តមសនីយ៍ត្រី សោមព្រមទាំងលោក ញ៉ែម សុផា ជំនួយការក្រុមការងារគណបក្សប្រជាជន ខ.១២ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោកយាយ-លោកតាមានអង្ករចំនួន ៥០ គីឡូក្រាម ,មីម៉ាម៉ា ០១ កេស ,ទឹកត្រី ០១ យួរ ,ទឹកស៊ីអ៉ីវ ០១ យួរ និងថវិកាចំនួន ៥០.០០០៛ ដើម្បីជួយរំលែកនូវជីវភាពខ្វះខាតមួយគ្រា ក្នុងនោះឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរឲ្យលោកយាយ លោកតា ថែរក្សាសុខភាព និងសូមឲ្យលោកយាយមានសុខភាពល្អ ដើម្បីជាគំរូដល់អ្នកដ៏ទៃ ។
ដោយ ប៊ុន រដ្ឋា




































